សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ បានពង្រឹងនយោបាយឯករាជ្យផ្លូវទឹក តាមរយៈការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ បានពង្រឹងនយោបាយឯករាជ្យផ្លូវទឹក តាមរយៈការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដោយបានបង្ហាញពីស្មារតីជាតិនិយម និងបំរើផលប្រយោជន៍ជាតិជាធំ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពេលគម្រោងព្រែកជីកហ្វូណន តេជោស្ថាបនារួចរាល់សូមប្រជាពលរដ្ឋទាំងអស់មកជិះទូកលេងកម្សាន្តឲ្យបានច្រើន ដោយភ្ជាប់ពីទន្លេទៅសមុទ្រ ៕