សម្ដេចធិបតី៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ វិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ៕