ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ កំណើននៃអ្នកប្រើប្រាស់ថ្នាក់កណ្តាលជាមូលដ្ឋាននៃការពង្រីកខ្លួនរបស់វិស័យឯកជន
ភ្នំពេញ៖ នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំរបស់ក្រុមហ៊ុន LSH នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការរីក ចម្រើននៃប្រជាជន និងអ្នកប្រើប្រាស់ថ្នាក់កណ្តាល (middle class) ជាមូលដ្ឋានគាំទ្រដល់ការពង្រីកខ្លួនរបស់វិស័យឯកជន។
LSH គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានបង្កើតបណ្តាញដៃគូផ្គត់ផ្គង់ក្នុងប្រទេសជាង២០ ដើម្បីនាំយកផលិតផលចម្រុះប្រមាណ ៤,០០០មុខ ដែលមានម៉ាកយីហោអន្តរជាតិល្បីៗ មកបំពេញតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជា។ ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនេះ លោក អ៊ឹង ឆយី អគ្គនាយកក្រុមហ៊ុន LSH បានរំលឹកពីដំណើរវិវត្តរបស់ក្រុមហ៊ុន ដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ជាមួយបុគ្គលិកត្រឹមតែ៥នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកខ្លួន និងមានបុគ្គលិកជាង៣០០នាក់។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានកោតសរសើរក្រុមហ៊ុន LSH ដែលបានបំពេញតម្រូវការទីផ្សារសម្រាប់ទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅ ធ្វើការ ឬធ្វើដំណើរកំសាន្តនៅកម្ពុជា។ ផលិត ផល របស់ក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសអាចស្វែងរករសជាតិម្ហូបប្រទេសកំណើត នៅលើទីផ្សារ នៅតាមភោជនីយដ្ឋាន ឬសម្រាប់ធ្វើម្ហូបដែលពួកគេចូលចិត្ត។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ជោគជ័យរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការដឹកនាំ ភាពឈ្លាសវៃ និងការផ្តោតលើគុណភាព និងសេវាកម្មអតិថិជនរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ព្រមទាំងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលជាង២ទសវត្សរ៍ជាប់គ្នា។
ខណៈដែលកម្ពុជារំពឹងថា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ អំណាចទិញរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាលនឹងកើនឡើង។ វឌ្ឍនភាពសេដ្ឋកិច្ចនេះត្រូវបានរំពឹងថានឹងពង្រឹង តម្រូវការទីផ្សារ ស្របនឹងបេសកកម្ម របស់ក្រុមហ៊ុន LSH ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងតែកើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន LSH ឱ្យបន្តនវានុវត្តន៍, ពង្រីកទីផ្សារដោយនាំចូលផលិតផលដែល មានគុណ ភាព ខ្ពស់, បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងពិនិត្យសក្តានុពលនៃការបញ្ចូលផលិតផលក្នុងស្រុកដែលមានគុណភាពទៅក្នុងបណ្តាញចែកចាយរបស់ខ្លួន និងអាចឈានទៅការនាំចេញនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញក្រុមហ៊ុន LSH និងវិស័យឯកជនទាំងមូល ឱ្យចាប់យកអត្ថប្រយោជន៍ពីកំណែទម្រង់សេវាកម្មសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានការកែលម្អសេវាចុះបញ្ជីផលិត ផល និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីបំពេញតម្រូវការធ្វើតេស្តសុវត្ថិភាពចំណីអាហារជាដើម ៕