តោះមកដឹងពីព័ត៌មានលម្អិត នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រូវបានបើកការដ្ឋានជាផ្លូវការនាថ្ងៃ៥ សីហានេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាផ្លូវការ ជាមួយនឹងសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។
ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដ៏មហារីករាយនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
ខាងក្រោមនេះ គឺជាព័ត៌មានលំអិតពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ៖
គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងអតីតកាលអំឡុងពុទ្ធសករាជឆ្នាំ៥០០ ប្រទេសកម្ពុជាធ្លាប់បានជីកព្រែកចំនួនបីខ្សែ ដោយរួមទាំងព្រែកអំបិលផង ភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដែលព្រែកទាំងអស់នោះត្រូវបានប្រើប្រាស់យ៉ាងសកម្មសម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលពីតំបន់ទន្លេឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រ និងពីតំបន់ឆ្នេរសមុទ្រ ដែលមានអំបិល ឬផលិតផលសមុទ្រជាដើមមកកាន់តំបន់ទន្លេ ព្រមទាំងតភ្ជាប់គ្រប់តំបន់នៃប្រទេសកម្ពុជា ដែលភ្ជាប់នឹងបណ្ដាញផ្លូវទឹកទាំងផ្លូវទន្លេ និងផ្លូវសមុទ្រ ទៅកាន់បណ្តាប្រទេសនានាលើសកលលោក។ ក្នុងសម័យដ៏អស្ចារ្យនោះ អាណាចក្រខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ ព្រមទាំងមានឈ្មោះបោះសំឡេងល្បីល្បាញថា ជាអាណាចក្រដ៏ធំក្នុងប្រវត្តិសាស្ត្រផងដែរ។
ជាអកុសល ដោយមានសង្គ្រាមផ្ទៃក្នុង រួមនឹងការផ្លាស់ប្ដូររាជធានីជាច្រើនលើកច្រើនសារ ព្រែកជីកទាំងនោះត្រូវបានបោះបង់ចោល ដែលបច្ចុប្បន្នព្រែកអំបិលបានទទួលដីល្បាប់ រីងរាក់ មិនអាចប្រើបានដោយសារការខកខានប្រើប្រាស់ ថែទាំ និងការជីកស្តារឡើងវិញ។ ព្រែកអំបិល នៅស្រុកកោះធំ ខេត្តកណ្តាល ជាភស្តុតាងនៃការបន្សល់ទុកប្រវត្តិនៃការប្រើប្រាស់ព្រែកក្នុងអតីតកាលនៃព្រះរាជាណាចក្រកម្ពុជា ដោយនាវាបានដឹកជញ្ជូនអំបិលពីសមុទ្រមកកាន់តំបន់នានានៅតាមដងទន្លេតាមច្រកព្រែកអំបិលនេះ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឯកភាពទទួលយកគម្រោងរៀបចំផ្លូវនាវាចរណ៍ព្រែកអំបិលឡើងវិញ។ ក្នុងពេលនោះ សម្តេចតេជោ បានប្រសិទ្ធនាមព្រែកជីកនេះថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីផ្សារភ្ជាប់ ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាពីអតីតកាលរហូតមក។
ព្រែកជីកហ្វូណនតេជោ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ផ្លូវទឹករវាងប្រព័ន្ធទន្លេ និងសមុទ្រនៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ទ្រទ្រង់ដល់ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរនៅក្នុងប្រទេស ឬរវាងផ្នែកឧត្តរ និងនិរតីនៃប្រទេស និងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឯនាយសមុទ្រ។ នៅផ្នែកឧត្ដរ ប្រព័ន្ធផ្លូវទឹកទន្ល ត្រូវបម្រើដល់ការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលពីតំបន់ខ្ពង់រាបនៃខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តប៉ៃលិនជាដើម និងតំបន់ទំនាប កណ្តាលជាបណ្តាខេត្តដែលនៅជាប់ផ្ទាល់នឹងប្រព័ន្ធផ្លូវទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ តាមច្រកកំពង់ផែតូចៗនៅតាមបណ្តាខេត្តទាំងនោះ និងកំពង់ផែស្វយ័តភ្នំពេញ (បច្ចុប្បន្ន មានកំពង់ផែដែលស្ថិតនៅ តាមទន្លេចំនួន ៨៨) ដើម្បីបន្តទៅកាន់កំពង់ផែនានានៅតាមតំបន់ឆ្នេរសមុទ្រ (បច្ចុប្បន្ន មានកំពង់ផែ ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រចំនួន ៣១) ជាពិសេសអាចផ្ទេរទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីដឹកបន្តទៅកាន់ប្រទេសឯនាយសមុទ្រ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែដែលធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា ដែលបានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៩៦៤ និងបានបន្តស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់ចាប់ពីក្រោយថ្ងៃរំដោះចេញពីរបប ប្រល័យពូជសាសន៍ប៉ុលពត។ រាជរដ្ឋាភិបាលបានកំណត់គោលដៅច្បាស់លាស់នៅក្នុងការអភិវឌ្ឍកំពង់ផែនេះ ឱ្យ ក្លាយទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានរៀបចំរួចរាល់នូវផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍកំពង់ផែនៅតាមប្រព័ន្ធទន្លេ និងនៅតាមតំបន់សមុទ្រ ហើយដែលត្រូវភ្ជាប់ រវាងគ្នាជាមួយព្រែកជីកហ្វូណនតេជោនេះផងដែរ។
ព្រែកជីកហ្វូណនតែជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែង់ប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយការកោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ។
+ គោលបំណងជាក់លាក់ រួមមាន៖
-ធ្វើសមាហរណកម្មបណ្តាញផ្លូវទឹកអន្តរតំបន់នៅកម្ពុជារវាងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គទៅជាប្រព័ន្ធផ្លូវទឹកប្រទាក់ក្រឡា ដើម្បីបម្រើឱ្យប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
-ពង្រីកសក្តានុពលនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងការលើកកម្ពស់ការប្រើប្រាស់ទឹកសម្រាប់ ពហុវិស័យ និងពហុបំណងក្នុងតំបន់នានារបស់ប្រទេសឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំង ជួយសម្រួលដល់ការងារដឹកជញ្ជូន និងចែកចាយផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ទេសចរណ៍ និងជួយពង្រីកទិសដៅពាណិជ្ជកម្មទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា
-លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរការដឹកជញ្ជូនធុនធ្ងន់ ដែលមានបរិមាណច្រើនពីផ្លូវគោកទៅជាការដឹកជញ្ជូនតាមផ្លូវទឹកវិញ
-ធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមនៃសេវាកម្មភស្តុភារកម្ម ជំរុញការអភិវឌ្ឍពហុវិស័យរួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្មទីក្រុងជាដើម ការបង្កើតមុខរបរនិងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ ពីគ្រោះរាំងស្ងួតនិងទឹកជំនន់។
ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនេះ ត្រូវបានប្រើប្រាស់រយៈពេលសរុប ២៦ខែ ហើយបានបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុងនាខែមេសា ឆ្នាំ២០២៣។ គម្រោងនេះត្រូវបានចូលរួមអនុវត្តការងារ សិក្សាស្រាវជ្រាវ ដោយក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិនសរុបចំនួន ៤៨នាក់ ដែលក្នុងនោះ មានកម្រិតជំនាញជាសាស្ត្រាចារ្យមហាបរិញ្ញាវិទ្យាសាស្ត្រចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោក ចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងមានជំនាញ និងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្ម សំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច សង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស និងគ្រប់វិស័យដែលពាក់ព័ន្ធ។
គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១) ទីតាំងភូមិសាស្ត្រដោយប្រើប្រាស់បច្ចេកវិទ្យាដូន និងរូបភាពពីផ្កាយ រណប, ២) ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផល ប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS), ៣)បញ្ហាជលសាស្ត្រ និងកករដី ដោយប្រើឧបករណ៍ម៉ូដែលជលសាស្ត្រទំនើប (MIKE Plus 2023) និង ៤) ការធ្វើ Simulation លើ ចលនាបម្រែបម្រួលនៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានាឱ្យបានថា គម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង។
+ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក
ការសិក្សាបានធ្វើឡើងលើតម្រាយផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ម៉ែត្រ និងជម្រៅទឹក ៥,៤ម៉ែត្រ (នាវា មានជម្រៅទឹក ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) ចែកជា ២គន្លង សម្រាប់នាវាចូល និងចេញ ចៀសគ្នាបានដោយសុវត្ថិភាព។ ជម្រៅទឹក ៥,៤ម៉ែត្រនេះ គឺ ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ នៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យបាននូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យយើងធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រនេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។ ប្រភេទនាវាប្រើប្រាស់ស្តង់ដារគណៈកម្មការទន្លេមេគង្គ-MRC មាន ទម្ងន់ផ្ទុក ១ ០០០តោន និងប្រភេទនាវាប្រើប្រាស់ស្តង់ដារប្រទេសចិនមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០តោន អាចអនុញ្ញាតឱ្យធ្វើប្រតិបត្តិការគ្រប់ពេលវេលា។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ។
+ លទ្ធផលលម្អិតនៃការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖
១.ព្រែកជីកនេះ ត្រូវមានសន្ទះផ្លូវទឹក ៣កន្លែង មួយកន្លែងស្ថិតនៅខេត្តកណ្តាល មួយកន្លែងស្ថិតនៅ ខេត្តតាកែវ និងមួយកន្លែងទៀតស្ថិតនៅខេត្តកែប ដើម្បីធានាទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃជាយថាហេតុ ទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្រ បានផងដែរ។
២.ក្នុងរដូវប្រាំង ប្រសិនបើបិទសន្ទះផ្លូវទឹក ១០០% ក្នុងមួយថ្ងៃ នោះកម្រិតទឹកនៅនឹងដដែលដោយមិនអាចបណ្តាលឱ្យប្រែប្រួលរំហូរទឹកនោះទេ ក៏ប៉ុន្តែករណីទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០% (២១/២៤ម៉ោង) ក្នុងមួយថ្ងៃ នោះព្រែកជីកនេះអាចត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង២% ប៉ុណ្ណោះពីដៃទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ នោះអាចនាំឱ្យតម្រូវការ ប្រើប្រាស់ទឹកកម្រិតអតិបរិមាត្រឹមតែ៤% ប៉ុណ្ណោះពីដៃទន្លេ និងព្រែកធម្មជាតិ។ ដោយឡែក ចំពោះរដូវវស្សាវិញ ព្រែកជីកនេះនឹងមិនចាំបាច់ត្រូវការប្រើប្រាស់ទឹកនោះទេ ហើយនឹងមានតួនាទីពិសេសមួយទៀតនោះគឺជួយរំដោះ ជំនន់ទឹកភ្លៀង ឬជំនន់ប្រចាំឆ្នាំ ពីតំបន់ទំនាបលិចទឹកនៃខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
៣.ព្រែកជីកនេះមិនបង្កផលប៉ះពាល់អវិជ្ជមានលើផ្នែកបរិស្ថានក្នុងប្រទេស ឬឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។ ផ្ទុយទៅវិញ ព្រែកជីកនេះនឹងជួយរក្សាលំនឹងបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកជីវៈចម្រុះ ដែលមានសារប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេស អាចបង្កើតផលិតផលត្រីជាមធ្យមប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលបង្កភាពអនុគ្រោះដល់ប្រជាជន រស់នៅអមសងខាង និងអាស្រ័យផលជាប្រចាំតាមបណ្តាញផ្លូវទឹកនេះ។ លើសពីនេះ ព្រែកជីកនេះក៏ជួយកាត់ បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរិមា សម្រាប់ខេត្តភាគខាងកើត និងភាគ និរតីរបស់កម្ពុជាផងដែរ។
៤.ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ (ធៀបចម្ងាយរវាងកំពង់ផែស្វយ័ត ភ្នំពេញ-កំពង់ផែកែម៉េបប្រទេសវៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ-កំពង់ផែពហុបំណងកំពត) កាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន មិនតម្រូវឱ្យមានការអនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ ព្រមទាំង ចំណេញពេលវេលាដឹកជញ្ជូនបានច្រើនសម្រាប់ការដឹកជញ្ជូន ជាពិសេសទំនិញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
៥.ព្រែកជីកនេះនឹងជំរុញប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច ជាពិសេសការចំណេញថ្លៃដើមដឹកជញ្ជូនប្រមាណ ១៧០ដុល្លារអាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត (១TEU) និងចំណេញប្រមាណ ២២៣ដុល្លារ អាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEU) ដែលទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ប្រមាណ ១៦% ប្រសិនបើការដឹកជញ្ជូនត្រូវបានប្រព្រឹត្តទៅតាមព្រែកជីកហ្វូណនតេជោ។
៦.តាមការគណនាប្រៀបធៀបតម្លៃនៃការដឹកជញ្ចូនរវាងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក សម្រាប់ទំនិញនាំចេញ-នាំចូលពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្ហាញថា ការដឹកជញ្ជូនតាមផ្លូវទឹក មានតម្លថោកជាងគេ (សម្រាប់ដឹកជញ្ជូនទំនិញជាកុងតឺន័រ ២០ហ្វីតទៅកាន់គោលដៅដូចគ្នា តាមផ្លូវទឹក ២៨០ដុល្លារអាម៉េរិក ផ្លូវថ្នល់ ៤០១ដុល្លារអាម៉េរិក និងផ្លូវដែក ៣៦១ដុល្លារអាម៉េរិក)។
៧.ព្រែកជីកនេះ នឹងផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចត្រឡប់មកវិញ (Economic Internal Rate of Return – EIRR) ក្នុងកម្រិតពី ២០% ទៅ ៣១% ជាកម្រិតមួយខ្ពស់លើសពីអត្រាមធ្យមក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ (កំណត់ត្រឹម ១២% ប៉ុណ្ណោះជាអត្រាផលចំណេញនៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ) ដែលអាចចាត់ថ្នាក់ជាគម្រោងមួយផ្តល់ ផលចំណេញផ្នែកសេដ្ឋកិច្ចជាតិដ៏មហិមាសម្រាប់កម្ពុជា ហើយទន្ទឹមនឹងនោះ ព្រែកជីកនេះនឹងផ្ដល់អត្រាផល ចំណេញហិរញ្ញវត្ថុត្រឡប់មកវិញ (Financial Internal Rate of Return – FIRR) ក្នុងកម្រិតពី ៥,៤% ទៅ ៧,៤% សម្រាប់អ្នកបោះទុនវិនិយោគលើគម្រោងនេះ។
៨.គម្រោងនេះអាចអនុវត្តបានតាមរយៈការជូនដំណឹងជាផ្លូវការរបស់កម្ពុជាទៅគណៈកម្មការទន្លេមេគង្គ (គណៈកម្មាធិការជាតិទន្លេមេគង្គ បានធ្វើរួចហើយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣) ដោយអនុលោមតាមមាត្រា៥ ន កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួនន បណ្តាប្រទេសជាសមាជិក។
៩.ក្រៅពីផលចំណេញនៃការធ្វើនាវាចរណ៍ (នាវា) ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្មនិងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម។
ជារួមតាមលទ្ធផលនៃការសិក្សាលើគ្រប់ទិដ្ឋភាពនៃលក្ខណៈបច្ចេកទេសផ្លូវទឹក គម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោនេះមិនបង្កផលប៉ះពាល់អាក្រក់ដល់ផ្នែកបច្ចេកទេស បរិស្ថាន សេដ្ឋកិច្ច ឬសង្គម ទាល់តែសោះ ក៏ប៉ុន្តែបង្កើតនូវបរិយាកាសប្រសើរសម្រាប់ការវិនិយោគ ការអភិវឌ្ឍរីកចម្រើន និងប្រព័ន្ធអេកូឡូស៊ី ដ៏ពិសិដ្ឋថែមទៀត។
+ ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានប្រភពទុនវិនិយោគពីសហគ្រាសសាធារណៈ ក្នុងស្រុក និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
និងក្រុមហ៊ុនការផ្តល់ទុនវិនិយោគសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ចែកចេញជាពីរផ្នែកគឺ ផ្នែកទី១ ជា កំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។
+ ផែនការ និងគម្រោងអភិវឌ្ឍន៍ក្នុងក្របខណ្ឌគម្រោងព្រែកជីកហ្វូណនតេជោ
ផែនការមេសម្រាប់ការអភិវឌ្ឍពហុវិស័យនៃគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖ កំពង់ផែយុទ្ធសាស្ត្រ ១កន្លែង, កំពង់ផែរណប ៥កន្លែង, កំពង់ផែទេសចរណ៍ ១៥កន្លែង, តំបន់សេដ្ឋកិច្ចពិសេស ៦កន្លែង, មជ្ឈមណ្ឌល ភស្តុភារកម្ម ៣កន្លែង, ផ្លូវអមសងខាងព្រែកជីកចម្ងាយ ២០៨គីឡូម៉ែត្រ, តំបន់សម្រាប់ការ អភិវឌ្ឍនគរូបនីយកម្មទីក្រុង បុរីទំនើប និងអគារពាណិជ្ជកម្មចម្រុះ, យានដ្ឋាននាវា ៣កន្លែង, ការវិនិយោគលើការតភ្ជាប់ខ្សែដឹកជញ្ជូនទេសចរណ៍ក្នុងតំបន់ខេត្តកណ្តាល តាកែវ កំពត និងកែប, ការអភិវឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រ កន្លែងធ្វើកសិកម្ម ជលផល និងការចញ្ចឹមសត្វជាដើម ដែលគម្រោងអភិវឌ្ឍន៍ ទាំងអស់នេះ សុទ្ធសឹងតែជាគម្រោងវិនិយោគដែលមានសក្តានុពលខ្ពស់ ហើយក៏ជាគម្រោងដែលនឹងផ្តល់ អត្រានៃផលចំណេញត្រឡប់ផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចខ្ពស់ផងដែរ។
+ ការកំណត់ទិសដៅនការវិនិយោគ និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក
ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងទស្សនៈវិស័យរួមនៃការអភិវឌ្ឍ គប្បីត្រូវជំរុញការ អភិវឌ្ឍបណ្តាញផ្លូវទឹក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់កម្ពុជាជាមួយរាជធានី ទីក្រុង ទីប្រជុំជន តំបន់ជនបទ តំបន់ផលិតកម្មកសិកម្ម និងតំបន់ឧស្សាហកម្មទៅសមុទ្រតាមរយៈព្រែកជីកហ្វូណនតេជោ ជាមួយគោលដៅសំខាន់ៗមួយចំនួនជាអាទិ៍៖
១.ជំរុញការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេជាមួយដៃទន្លេ បឹង ស្ទឹង ព្រែកប្រឡាយ ដើម្បីភ្ជាប់សហគមន៍ទីក្រុង ជនបទ និងសហគមន៍តាមដងទន្លេព្រែក ទៅកាន់តំបន់ផលិតកម្មកសិកម្ម និងទេសចរណ៍ទៅកាន់សមុទ្រ។
២.ពង្រីកសមត្ថភាព និងគុណភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកបច្ចុប្បន្ន ឱ្យប្រែក្លាយជាឧស្សាហកម្ម ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។
៣.បង្វែរការដឹកជញ្ជូនធុនធ្ងន់ពីផ្លូវគោកមកការដឹកជញ្ជូនតាមផ្លូវទឹកវិញ ដើម្បីកាត់បន្ថយការខូចខាត ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចំរាចរណ៍ តម្លៃដឹកជញ្ជូន និងជាពិសេសកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់។
៤.អភិវឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងជំរុញការពង្រីកបណ្តាញតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវទឹក និងការដឹកជញ្ជូន ពហុមធ្យោបាយផ្សេងទៀត៕