សម្តេចធិបតី៖ បុព្វបុរសយើង ២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយពេលឃើញខ្មែរជំនាន់ក្រោយរួមគ្នាបន្តចក្ខុវិស័យ សង់ព្រែកជីកហ្វូណនឡើងវិញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានជាផ្លូវការ នូវគម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «បុព្វបុរសរបស់យើង២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយដែលឃើញកូនខ្មែរជំនាន់ក្រោយ ២០សតវត្សក្រោយ បានរួមគ្នាដើម្បីបន្តចក្ខុវិស័យរបស់គាត់ ដើម្បីបន្តការរីកចម្រើន កសាងហេដ្ឋរចនាសម្ពន្ធផ្លូវទឹកមួយនេះ ដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់កិត្យានុភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពកម្ពុជា»។
សម្ដេចធិបតីបន្តថា ទោះបីមានអ្នករិះគន់ចំពោះការកសាងព្រែកជីកនេះក៏ពិតមែន តែបើប្រៀបធៀបជាមួយកម្លាំងអ្នកគាំទ្រដ៏ច្រើនលើសលុបនោះ គឺមិនមែនជាបញ្ហារាំងស្ទះនោះទេ។ ការចូលរួមផ្ដល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋនេះហើយ ដែលសម្ដេចតែងនិយាយថា «ស្មារតីរួមរួបជាតិ» ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើគម្រោងព្រែកជីកនេះឱ្យបាន ដែលនេះហើយជាស្មារតីនិងអត្ថន័យនៃគម្រោងព្រែកជីកហ្វូណនតេជោ។
សម្ដេចធិបតី បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមថតរូបក្នុងថ្ងៃបើកការដ្ឋានព្រែកជីកនេះឱ្យបានគ្រប់គ្នា ចាំដល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល៥ឆ្នាំក្រោយ សឹមមកជិះទូកលេងកម្សាន្តនៅតាមព្រែកជីកនេះទៅខេត្តតាកែវ ខេត្តកំពត ខេត្តកែបជាដើម។ ម្យ៉ាងទៀត ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដយព្រែកជីកនេះដែរ នៅពេល៥ឆ្នាំក្រោយ តាមបណ្ដោយព្រែកនឹងក្លាយជាសក្ដានុពលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើនរបរកសិកម្ម ឬឧស្សាហកម្ម ដែលធ្វើឱ្យជីវភាពរស់នៅនឹងប្រែប្រួលរីកចម្រើន ៕