សម្តេចធិបតី៖ ខេត្តព្រះសីហនុជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់អ្នកណានោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណប្រទេសមួយដែលមកប្រាប់ថា កុំឱ្យប្រទេសមួយទៀតមកវិនិយោគនៅកំពង់សោមប្រយ័ត្នបាត់អធិបតេយ្យភាព។ ប្រទេសនោះបានប្រាប់សម្ដេចកុំទុកចិត្តប្រទេសមួយហ្នឹងព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថា ប្រជាពលរដ្ឋខ្មែរមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរថាអ្វីល្អឬអាក្រក់ ជាក់ស្តែងមកដល់ពេលនេះ កំពង់សោមមិនមានការបាត់បង់អធិបតេយ្យភាពនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគម្រោង៥ឆ្នាំហើយដើម្បីពង្រឹងខេត្តជាប់សមុទ្ររបស់យើងជាសក្តានុពល និងជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាទេ ពោលគឺយើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង ដោយខិតខំបង្កើនធនធានមនុស្សដើម្បីចេញទៅធ្វើការនៅគ្រប់កន្លែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ៕