៦ខែកន្លងទៅនេះ តុលាការទូទាំងប្រទេស ចាត់ការសំណុំរឿងក្តី ទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីសរុបបានចំនួន ៧៨ ៣៦៥
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងរយៈ ពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃ ទៀតបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤ភាគរយ នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នាទីស្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា៖ ក្នុងចំណោមរឿង ក្តីទាំងនេះគឺ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។
ឯកឧត្តមបានបន្ថែមថា៖ កន្លងមកនេះ គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនា ការកាល ពីថ្ងៃទី០៩ ខែមករា រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់ សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ទី១យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ឯកឧត្តមបានលើកឡើងថា៖ សម្រាប់លទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការនេះដែរគេក៏ទទួលបានលទ្ធផលមួយចំនួនទៀតដូចជា៖គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែល យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។
ឯកឧត្តម ជិន ម៉ាលីន បានអះអាងដែរថា ” រយៈពេល ៦ខែ គិតចាប់តាំងពីពេល ប្រកាសបើកយុទ្ធនាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង មកកាន់លេខាធិការដ្ឋាននៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប ១ ៤៧៤ ក្នុងនោះពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមាន ចំនួនសរុប ៧៨៦ ស្មើនឹង ៥៣ភាគរយ។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០ភាគរយ”។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្រាប់ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យ មានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្ដឹង ស្មើនឹង ៤៧ភាគរយ។
គណៈកម្មការដឹកនាំ និងអនុវត្តន៍យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការចាត់ការបាន ៣៦ភាគរយ នៃបណ្ដឹងដែលសង្ស័យថា មានភាពមិន ប្រក្រតីទាំង ៦៩៨។ ក្រៅពីនេះ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាព មិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញ សេចក្តី សម្រេចដោយមាន សំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ១៤ ករណី មានភាពសង្ស័យថា អាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការ ពិនិត្យឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ, ៩ ករណី បានចាត់ឱ្យមាន ការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថា មានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការ ជំនុំជម្រះសាជាថ្មី។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការនេះដែរ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានធ្វើការ សម្រប សម្រួលផ្តល់មេធាវីស្ម័គ្រចិត្តដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ៩២រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ។