ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត។
កិច្ចប្រជុំសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងឆ្លៀតពិភាក្សាបែងចែកតួនាទីភារកិច្ច ក៏ដូចជាដើម្បីពង្រឹងរបៀបរបបការងាររបស់មន្ត្រីប្រតិបត្តិសាខា និងដើម្បីរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានពិភាក្សាបែងចែកតួនាទីភារកិច្ចគណៈកម្មាធិការសាខា ដើម្បីជួយក្នុងការងារពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់មន្ត្រីប្រតិបត្តិសាខា និងការកៀរគរថវិកាពីសប្បុរសជននានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិសាខាត្រូវបន្តរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទីភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា។
ក្រៅពីនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តឧត្តរមានជ័យ ជាពិសេសពង្រឹង និងជំរុញការងារផ្សព្វផ្សាយពីសកម្មភាពរបស់សាខាតាមបណ្តាញផ្សព្វផ្សាយផ្សេងៗឱ្យបានទូលំទូលាយបន្ថែមទៀត ៕