ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ កំណែទម្រង់គ្រូបង្រៀន នៅតែជាអាទិភាពសំខាន់ សម្រាប់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ មន្ត្រីអប់រំថ្នាក់ជាតិ និងថ្នាក់ខេត្ត នាយកសាលា គ្រូឧទ្ទេស គ្រូបង្រៀន និងទីប្រឹក្សាគរុកោសល្យ សរុបចំនួនប្រមាណ ១៥០នាក់។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ចាក់ថាកំណែទម្រង់គ្រូបង្រៀននៅតែជាអាទិភាពសំខាន់សម្រាប់កម្ពុជា។ កំណែទម្រង់ការអប់រំគ្រូបង្រៀន និងការអនុវត្តគោលនយោបាយគ្រូបង្រៀន គឺជាអាទិភាពចម្បងមួយនៃកំណែទម្រង់វិស័យអប់រំ ព្រោះគ្រូបង្រៀនគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំកម្ពុជា។
ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលជាភ្នាក់ងារអនុវត្តកម្មវិធី និងក្រុមការងាររបស់ក្រសួង ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តកម្មវិធី ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ឆ្លើយតបនឹងអាទិភាពក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ពីសារៈសំខាន់នៃគ្រូបង្រៀនជាកត្តាសំខាន់ចាំបាច់ សម្រាប់លទ្ធផលសិក្សារបស់សិស្សានុសិស្ស។
កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដំណាក់កាលទី២» បានរៀបចំឡើង បន្ទាប់ពីដំណាក់កាលទី១ (២០១៨-២០២២) អនុវត្តចប់ដោយជោគជ័យ ដោយមានកិច្ចសហការគ្នាយ៉ាងល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ។ សមិទ្ធផលចម្បងគួរឱ្យកត់សម្គាល់នៅដំណាក់កាលទី១ រួមមាន៖ ១) ការអនុម័តក្របខណ្ឌនិងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, ២) ការបណ្តុះបណ្តាលគ្រូបង្រៀននិងមន្រ្តីជំនាញអំពីកញ្ចប់អំណានថ្នាក់ដំបូងជាង ៤,០០០ នាក់ និងគណិតវិទ្យាថ្នាក់ដំបូងជាង ៣,០០០ នាក់, ៣) សាលាគរុកោសល្យខេត្តចំនួន១១ បានជួសជុលកែលម្អ និងបំពាក់សម្ភារបរិក្ខារ។
ក្នុងឱកាសនេះដែរ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានឱ្យដឹងថា យូណេស្កូនឹងបន្តជាដៃគូឈានមុខជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការគាំទ្រចក្ខុវិស័យរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍ បណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់ការបង្រៀនប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន វឌ្ឍនភាពការបង្រៀន និងរៀននៅក្នុងថ្នាក់ជំរុញបរិវត្តកម្មឌីជីថល ការកសាងប្រព័ន្ធអប់រំបរិយាបន្ន និងសមធម៌ ជាមួយគោលដៅ ធានាឱ្យបានថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសដើម្បីអភិវឌ្ឍសក្តានុពលពេញលេញរបស់ពួកគេ។
កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដំណាក់កាលទី២ មានសមាសភាគ៤ រួមមាន៖ ១) ការអប់រំគ្រូបង្រៀន, ២) ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន, ៣) ការបណ្តុះបណ្តាលកញ្ចប់អំណាននិងគណិតវិទ្យាថ្នាក់ដំបូង រួមទាំងការវាយតម្លៃ និងការពង្រីកប្រព័ន្ធកត់ត្រាទិន្នន័យសិស្ស និង ៤) បរិវត្តន៍កម្មឌីជីថលសម្រាប់ការអប់រំគ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីបន្តគាំទ្រដល់ការអប់រំគ្រូបង្រៀន។
កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដំណាក់កាលទី២ នេះ នឹងរួមចំណែកជួយគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាទិភាពទៅលើការអប់រំ ដោយបានដាក់បញ្ចូល «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» នៅក្នុងមុំទី១ នៃបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលសំដៅដល់ «ការអភិវឌ្ឍធនធានមនុស្ស» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕