អ៊ីរ៉ង់ថា ការធ្វើឃាតមេដឹកនាំហាម៉ាសមិនអាចធ្វើទៅរួចទេ បើគ្មានការគាំទ្រពីអាមេរិក
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានអះអាងថា ការធ្វើឃាតប្រធានការិយាល័យនយោបាយ Hamas លោក Ismail Haniyeh មិនអាចទៅរួចទេបើគ្មានភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិក។
លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃពុធនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលធ្វើឡើងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធ្វើឃាតលោក Haniyeh ក្នុងចំណោមរឿងជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Bagheri Kani បានពណ៌នាការធ្វើឃាតមេក្រុមហាម៉ាស់ថាជា ឧទាហរណ៍តែមួយនៃឧក្រិដ្ឋកម្មភេរវកររបស់អ៊ីស្រាអែល ដោយបញ្ជាក់ថាវាគឺជាការឈ្លានពានដ៏ភ្លឺស្វាងប្រឆាំងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់។
លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការរំលោភបែបនេះ ហើយនាំអ្នកទទួលខុសត្រូវមកកាត់ទោស និងផ្តន្ទាទោស។
លោក Bagheri Kani បានបញ្ជាក់ថាទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែលមិនគួរត្រូវបានមើលរំលងនៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវ ដែលការប្រព្រឹត្តិកម្មមិនអាចធ្វើទៅបានទេបើគ្មានភ្លើងខៀវ និងការគាំទ្រផ្នែកចារកម្មរបស់សហរដ្ឋអាមេរិក។
លោកបានបន្តថា ក្នុងករណីដែលគ្មានសកម្មភាពសមស្របណាមួយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់គ្មានជម្រើសផ្សេងក្រៅពីប្រើសិទ្ធិដែលមានស្រាប់ក្នុងការការពារខ្លួនស្របច្បាប់ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់អ៊ីស្រាអែល។
លោក Bagheri Kani បានសង្កត់ធ្ងន់ថាសកម្មភាពបែបនេះរបស់អ៊ីរ៉ង់គឺចាំបាច់ដើម្បីការពារការឈ្លានពានបន្ថែមទៀតរបស់អ៊ីស្រាអែលប្រឆាំងនឹងអធិបតេយ្យភាព ប្រជាជន និងទឹកដីរបស់អ៊ីរ៉ង់ ហើយនឹងត្រូវធ្វើឡើងនៅពេលវេលាដែលត្រូវការ និងក្នុងទម្រង់សមាមាត្រ។
លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ត្រូវបានសម្លាប់រួមជាមួយអង្គរក្សរបស់គាត់កាលពីព្រឹកថ្ងៃពុធ នៅពេលដែលគេហដ្ឋានរបស់ពួកគេក្នុងទីក្រុង Tehran ត្រូវបានវាយប្រហារ។ អ៊ីរ៉ង់បានចោទអ៊ីស្រាអែលថាបានធ្វើការវាយប្រហារនោះ ហើយបានសច្ចាថាជាការឆ្លើយតបដ៏ឃោរឃៅ និងឈឺចាប់។