លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ណែនាំដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
លោកជំទាវ ម៉ែន នារីសោភ័គ លើកទឹកចិត្តបែបបនេះ ខណៈអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាលើកទី២ ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧០៣គ្រួសារទៀត រស់នៅសហគមន៍ ចំនួន៨ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការ លំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេសមួយចំនួន ដែលមានប្រជាជន កុមារតូចជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។
លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានបញ្ជាក់ថា «បើទោះបីជា បងប្អូនមានជីវភាព លំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញ ដល់កូនៗរបស់ខ្លួន ឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាន នូវភាពក្រីក្រ»។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន និងបានថ្លែងអំណរគុណសុខសន្តិភាព ជាពិសេសសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាង ពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះផងដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋងាយ រងគ្រោះបំផុតចំនួន ៧០៣គ្រួសារទៀតជាលើកទី២នេះ មកពីសហគមន៍ចំនួន៨គឺ៖ សហគមន៍អណ្តូង១ ចំនួន ៥៦គ្រួសារ, សហគមន៍អណ្តូង២ ចំនួន ៤៧គ្រួសារ, សហគមន៍អណ្តូង៣ ចំនួន ១៦៣គ្រួសារ, សហគមន៍អណ្តូង៥ ចំនួន ១៥០គ្រួសារ, សហគមន៍ស្វាយចេកថ្មីចំនួន ៩០គ្រួសារ, សហគមន៍ត្រពាំងសំព័រថ្មីចំនួន ៧៥គ្រួសារ, សហគន៍ជ្រេសថ្មីចំនួន ៤២គ្រួសារ និងសហគមន៍ខ្មែរលើថ្មីចំនួន៨០គ្រួសារ ដោយ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០.០០០រៀល។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានចែកជាលើកទី១ បានជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០៨គ្រួសាររួចមកហើយ ដែលរស់នៅសហគមន៍អណ្តូង៤ និងអណ្តូង៦។ សរុបទាំងពីរលើកចំនួន ១០សហគមន៍ក្រីក្រ នៃសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ មានប្រជាជនសរុបចំនួន ១.២១១គ្រួសារ៕