លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី៖ ទាហានជានារី មិនមែនដូចពីមុនទេ គឺមានសកម្មភាពនឹងការងារ អត់ធ្មត់ និងវិវត្តន៍ខ្លួនទៅមុខគ្រប់សកម្មភាព
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «គោលគំនិតយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ» ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដែលមាននាយទាហាន នាយទាហានរង សរុបចូលរួម៧០០នាក់ មកពីតំណាងគ្រប់រចនាសម្ព័ន្ធនៃកងយោធពលខេមរភូមិន្ទ។
ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានលើកឡើងថា «នាយទាហាន នាយទាហានរង ពលទាហានជានារី មិនមែនដូចពីមុនទេ គឺមានសកម្មភាពនឹងការងារ អត់ធ្មត់ និងវិវត្តន៍ខ្លួនទៅមុខគ្រប់សកម្មភាពទាំងការចូលរួមរក្សាសុខសន្តិភាព សេដ្ឋកិច្ច អប់រំ និងសង្គម។ល។ ដូចនេះការវិនិយោគអំណាចនយោបាយរបស់ស្រ្តីគឺផ្នែកសេដ្ឋកិច្ច និងអប់រំ នាពេលច្ចុប្បន្ន និងទៅអនាគត»។
លោកជំទាវ នាយឧត្តមសេនីយ៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ មេបញ្ជាការរង ដែលបានគាំទ្រលើកិច្ចការនេះ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ និងបានផ្តាំផ្ញើជូនដល់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាល ត្រូវយកដុះខាត់ ចំណេះដឹង ជំនាញ បច្ចេកទេស ដែលទទួលបានទៅផ្សព្វផ្សាយបណ្តុះបណ្តាលបន្តប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕