សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ៤០នាក់ នៅវិទ្យាល័យជាស៊ីម រក្សជ័យ ស្រុកបាភ្នំ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជន កាកបាទក្រហមកម្ពុជា” ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០នាក់ ស្រី ៣២នាក់ នៅវិទ្យាល័យជាស៊ីម រក្សជ័យ ស្មើនឹង ១វគ្គ ដែលមានការចូលរួមពីមន្រ្តីប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ លោកនាយក ការិយាល័យអប់រំស្រុក អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៥២នាក់ ស្រី ៣៥នាក់ នៅសាលប្រជុំវិទ្យាល័យជាស៊ីម រក្សជ័យ។
ក្នុងឱកាសនោះ លោកស្រី បណ្ឌិត នាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់អ្នកចូលរួម ពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ក្នុងវគ្គ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងសូមអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេស បានបង្ហាត់បង្ហាញក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។
ប្រធានបទបានលើកមកធ្វើបទបង្ហាញមានចំនួន ៦ រួមមាន៖
១-មូលដ្ឋានវិជ្ជាសង្រ្គោះបឋម ក្នុងដំណាក់ជំងឺកូវីដ-១៩
២-ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង ៧ និងការប្រើប្រាស់បដិរូប
៣-គោលនយោបាយ និងតួនាទីយុវជនកក្រក
៤-ការសង្រ្គោះបឋមផ្នែកសុខភាពផ្លូវចិត្តក្នុងដំណាក់កាលជំងឺកូវីដ-១៩
៥-ការបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩
៦-សុវត្ថិភាពចរាចរណ៍ និងពិការភាព គ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាត និងផ្លាស្ទិក។
នាឱកាសបិទវគ្គ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានផ្តាំផ្ញើដល់អ្នកចូលរួម និងក្មួយៗយុវជន កក្រក សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍បន្ត និងបង្ហាត់បង្ហាញ់ដល់មិត្តរួមថ្នាក់ ពិសេសត្រូវចែករំលែកចំណេះដឹងដែលបានរៀនសូត្រនេះ ដល់ក្រុមគ្រួសារ។
ក្នុងនោះ អនុសាខាស្រុកបាភ្នំ ក៍បានចូលរួមជាអាហារសម្រន់សម្រាប់អ្នកចូលរួម ក្នុងវគ្គបណ្តុះបណ្តាល គិតជាថវិកាចំនួន ២៤០,០០០រៀល។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សាខាខេត្ត និងអនុសាខា បានបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ១៩វិទ្យាល័យ សរុបយុវជន ចំនួន ១,៣៥០នាក់ ស្រី ៩៣៨នាក់ ស្មើនឹង ២៦វគ្គ(សាខា ២៣វគ្គ និងអនុសាខា ៣វគ្គ) ៕