ឧត្តមសេនីយ៍ឯក ង៉េង ជួ និងកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំងអស់ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត លើក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកងកម្លាំងទាំងអស់របស់នាយកដ្ឋាន សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។
សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕