អ្នកនាំពាក្យ៖ មនុស្ស ៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១១ ខែសីហា
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថាយ៉ាងហោចណាស់មានជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជានាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤២នាក់នោះ មាន ៣២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៦ករណី និងជនសង្ស័យ១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ០៨ករណី។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕