ឯកឧត្ដម សួស ប្រាថ្នា៖ អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំនិងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៦ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដែលអនុវត្តសម្រេចបានក្នុងឆមាសទី១ និងដើម្បីបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដែលអនុវត្តសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ និងដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងផែនការយុទ្ធ-សាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានតាមគោលដៅរំពឹងទុក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំនិងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន៦ រួមមាន៖
យុទ្ធសាស្ត្រទី១៖ អភិវឌ្ឍន៍គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
យុទ្ធសាស្ត្រទី២៖ ពង្រឹងប្រសិទ្ធភាព កែលម្អ និងធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងការសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការនៅថ្នាក់ក្រោមជាតិ។
យុទ្ធសាស្ត្រទី៣៖ ពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយនវានុវត្តន៍ និងឌីជីថល។
យុទ្ធសាស្ត្រទី៤៖ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌ តំបន់ និងសាកល។
យុទ្ធសាស្ត្រទី៥៖ ពង្រឹងសមត្ថភាព និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងបុគ្គលិក និងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
យុទ្ធសាស្ត្រទី៦៖ លើកកម្ពស់ការចូលរួមពីគណបក្សនយោបាយ ក្នុងដំណើរការកសាងលទ្ធិ-ប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច។
ជាមួយគ្នានោះឯកឧត្ដមគូសបញ្ជាក់ថា ផ្អែកតាមយុទ្ធសាស្ត្រខាងលើ សកម្មភាពសំខាន់ៗ ដែលអគ្គនាយកដ្ឋានរដ្ឋបាលត្រូវអនុវត្តរួមមាន៖
-ពិនិត្យ និងកែសម្រួលសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងការប្រែប្រួលសេដ្ឋ-កិច្ចសង្គម
-សហការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការប្រើប្រាស់ធនធានគ្មានភ្ជាប់លក្ខខណ្ឌ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីអនុវត្តគម្រោងសេវាសង្គម អនាម័យ បរិស្ថាន
-សហការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងមុខងារក្នុងវិស័យអប់រំ សុខាភិបាល និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងដាក់ឱ្យអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-ធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
-ធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលបែបបទ និងនីតិវិធីបច្ចេកទេសនៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗឱ្យកាន់តែល្អប្រសើរឡើង មានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ
-ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសេចក្តីណែនាំបច្ចេកទេសស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលមានទុនវិនិ-យោគសមមូល៥លានដុល្លារចុះនៅថ្នាក់រាជធានី ខេត្ត តាមអង្គភាពច្រកចេញចូលតែមួយ
-សហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប ក្នុងការពង្រឹងការងារលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងឬដៃគូអភិវឌ្ឍនានា ដើម្បីរៀបចំនូវឧបករណ៍ និងវិធីសាស្ត្រនៅក្នុងការកំណត់តម្រូវការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៅអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធទិន្នន័យឌីជីថលសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលចំណុះអគ្គ-នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
-រៀបចំប្រព័ន្ធរបាយការណ៍ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាប្រព័ន្ធអនឡាញ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
-រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងទិន្នន័យផែនទីព្រំប្រទល់រដ្ឋបាលដែនដី
-រៀបចំប្រព័ន្ធនៃការវាយតម្លៃអំពីភាពពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធការផ្ដល់សេវា រដ្ឋបាលថ្នាក់ក្រោមជាតិតាមវិធីសាស្ត្រអនឡាញ និងការជួបសម្ភាសផ្ទាល់
-បន្តគាំទ្រដល់រដ្ឋបាលរាជធានី ខេត្តឱ្យបង្កើតចំណងមេត្រីជាមួយបណ្ដារាជធានី រដ្ឋធានី ខេត្តនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យ សំខាន់ៗ ដូចជាកសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យានិងនវានុវត្តន៍ ទេសចរណ៍ អប់រំ វប្បធម៌ជាដើម
-រៀបចំលិខិតបទដ្ឋានគតិយុត្ត និងប្រព័ន្ធនានា ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋទៅប្រទេសជិតខាងឱ្យមានភាពរហ័ស និងងាយស្រួល
-រៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
-រៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល០២ដង ក្នុងមួយឆ្នាំ ៕