ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្ដេជ្ញាបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ព្រមទាំងយុទ្ធសាស្ត្រ២០២៤-២០២៨ ដែលបានដាក់ចេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ ដែលបានធ្វើការសម្ភាសន៍ដល់រូបខ្ញុំ ដើម្បីមានឱកាសផ្សព្វផ្សាយនូវសមិទ្ធផលដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម សួស ប្រាថ្នា ក៏បានផ្តាំផ្ញើដល់ទស្សនិកជន និងបងប្អូនជនរួមជាតិផងដែរថា ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដោយសម្រេចបាននូវសមិទ្ធ-ផលធំៗជាច្រើន។
ឯកឧត្ដមបន្តថា ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលជាសេនាឱ្យក្រសួងមហាផ្ទៃលើកិច្ចការគ្រប់គ្រងរដ្ឋបាលដែនដី ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរួមចំណែកកសាង និងអភិវឌ្ឍជាតិចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្ដមបញ្ជាក់ថា «អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ព្រមទាំងយុទ្ធសាស្ត្រ២០២៤-២០២៨ ដែលបានដាក់ចេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តកិច្ចហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងដៃគូ និងអង្គការសង្គមស៊ីវិលនានា ដើម្បីសម្រេចតាមលទ្ធផលរំពឹងទុក និងរួមចំណែកសម្រេចបានគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”» ៕