សម្ដេច ហ៊ុន សែន៖ គ្មានប្រទេសណាដែលមិនទប់ស្កាត់កុបកម្មខុសច្បាប់ទេ កម្ពុជា នឹងចាត់គ្រប់វិធានការដើម្បីការពារសុខសន្ដិភាពជូនពលរដ្ឋ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចបានចេញសារពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុមដែលធ្វើកុបកម្មដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកុបកម្មនៅប្រទេសអង់គ្លេស ត្រូវបានទប់ស្កាត់ដោយកម្លាំងប្រដាប់អាវុធរបស់អង់គ្លេស គឺប៉ូលិស ដែលមានប្រដាប់អាវុធនៅប្រទេសអង់គ្លេស អ៊ីចឹងតើរដ្ឋាភិបាលកម្ពុជា សុខចិត្តឲ្យសភាពការណ៍លែងគ្រប់គ្រងបានឬយ៉ាងណា? រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់គ្រប់វិធានការ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។
ជាមួយគ្នានេះ សម្ដេចតេជោ បានមើលឃើញថា មតិមួយចំនួនពិសេសអ្នកដែលកំពុងរស់នៅក្រៅប្រទេស បានយកហេតុការណ៍នៅបង់ក្លាដេស ប្រៀបធៀបជាមួយហេតុការណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងចេតនាញុះញង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសធ្វើបាតុកម្មប្រឆាំង។ ត្រង់ចំណុចនេះ សម្ដេចបានប្រកាសស្វាគមន៍ ប្រសិនបើអ្នកទាំងនោះចង់អញ្ជើញមកធ្វើបាតុកម្ម គ្រាដែលរាជរដ្ឋាភិបាលនឹងមិនលើកលែងឲ្យនោះឡើយ។
សម្ដេចតេជោ បានអះអាងថា បាតុកម្មនៅប្រទេសក្រៅជារឿងអ្នករស់នៅប្រទេសក្រៅ មិនមានបញ្ហាទេអ្វីនោះទេ ប៉ុន្ដែអ្នកនៅខាងក្នុងប្រទេសទៅវិញទេ ដែលទទួលរងនូវផលវិបាក។ សម្ដេចថា សម្ដេចមិនគំរាមអ្នកណាឡើយ ប៉ុន្ដែរដ្ឋាភិបាលប្រទេសណាក៏ដោយត្រូវតែមានវិធានការជាចាំបាច់។
បន្ថែមពីនេះ សម្ដេចតេជោ បានធ្វើការឆ្លើយតបទៅកាន់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលប្រើប្រាស់នូវភាសាគំរាមថា សម្ដេចអស់អំណាចក្នុងការដឹកនាំបញ្ជាហើយ ប៉ុន្ដែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញថា ពាក្យជិតអស់អំណាច ឬពាក្យអស់អំណាចនេះ មិនមែនជារឿងថ្មីនោះឡើយ ពោលសម្ដេចធ្លាប់លឺតាំងពីទស្សវត្សទី៨០ ដែលខ្មែរក្រហមគំរាមសម្ដេច។
សម្ដេចតេជោ ឆ្លើយតបទៀតថា សម្ដេចមិនទាន់អស់អំណាចនោះទេ ហើយអំណាចដែលនៅសល់នោះ គឺអំណាចនៅក្នុងនីតិប្បញ្ញត្តិ ក៏ដូចជាអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន ដែលខ្លួនបានសន្យាស្ដីពីការការពារនូវសន្ដិភាព ស្ថេរភាពខាងនយោបាយ និងសេចក្ដីសុខជូនប្រជាជន ៕