អភិបាលខេត្តឧត្តរមានជ័យ លើកទឹកចិត្តឱ្យគណៈអភិបាលខេត្ត និងមន្ទីរជំនាញ រួមគ្នាទទួលដឹកនាំប្រភេទកីឡាផ្សេងៗរបស់ខេត្តតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ខ្លួន
ភ្នំពេញ៖ ដើម្បីឱ្យវិស័យកីឡានៅខេត្តឧត្តរមានជ័យកាន់តែរីកចម្រើន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកទឹកចិត្តឱ្យគណៈអភិបាលខេត្ត និងមន្ទីរជំនាញ រួមគ្នាទទួលដឹកនាំប្រភេទកីឡាផ្សេងៗរបស់ខេត្តតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ខ្លួន។
ការលើកឡើងរបស់ឯកឧត្តម មាន ចាន់យ៉ាដាបែបនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤ ដែលមានកីឡាករ-កីឡាការិនីមកពីក្រុង-ស្រុកទាំង៥ នៃខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងថា ប្អូនៗ ក្មួយៗ ពិតជាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្ដើមយកជ័យជំនះប្រកបដោយការតស៊ូ អត់ធ្មត់ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងស្មារតីជាអ្នកកីឡា។
ជាមួយគ្នានោះ ឯកឧត្តម មាន ចាន់យ៉ាដាន បានបង្ហាញការជឿជាក់ថា ការចូលរួមលើកស្ទួយពីគ្រប់មជ្ឈដ្ឋាន វិស័យកីឡានៅក្នុងខេត្តឧត្តរមានជ័យរបស់នឹងកាន់តែរីកចម្រើន មានមុខមាត់ក្នុងក្របខ័ណ្ឌប្រទេស និងអន្តរជាតិ៕