ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ណែនាំដល់យោធិនទាំងអស់ កុំឱ្យចាញ់ឧបាយកលពួកអមិត្ត មានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយសិក្ខាកាម ដើម្បីត្រៀមបើកវគ្គហ្វឹកហ្វឺន ដែលមានការចូល រួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ-ផ្នែក នាយរង បុគ្គលិកការិយាល័យ-ផ្នែក និងសិក្ខាកាម ដែលធ្វើឡើងនៅសាលប្រជុំទីបញ្ជាការ។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំដល់សិក្ខាកាម ត្រៀមបើកវគ្គហ្វឹកហ្វឺនទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការសិក្សា គោរពវិន័យ ស្តាប់ការណែនាំ របស់លោកគ្រូអ្នកគ្រូ ដែលត្រូវបង្រៀន ជាពិសេសនោះគឺ អ្នកដែលចេះត្រូវបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចត្រូវជួយបង្រៀនអ្នកអត់ចេះ និងចេះដាស់តឿនគ្នា សាមគ្គីគ្នាឱ្យបានល្អជាទីបំផុត។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយបន្ថែមអំពី លក្ខន្តិកៈទូទៅ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ដល់អ្នកដែលបានចូលរួម ដើម្បីឱ្យយល់ច្បាស់អំពីតួនាទីភារកិច្ច និងដើម្បីកុំឱ្យយោធិនម្នាក់ ប្រព្រឹត្តិខុសនូវវិន័យរបស់កងទ័ព។ ក្នុងពេលនោះផងដែរ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានណែនាំដល់យោធិនទាំងអស់ កុំឱ្យចាញ់ឧបាយកលពួកអមិត្តដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវចូលរួមវាយកម្ទេចជនណាដែលមានបំណង បំបែកបំបាក់ ញុះញុង ធ្វើឱ្យមានអស្ថេរភាពសង្គម និងការពារឱ្យខានតែបាននូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕