លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ រវាងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាមួយប្រធានអន្តរវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន លើការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាមួយប្រធានអន្តរវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន លើការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (ASCC Council High-Level Interface with Chairs of ASCC Sectoral Ministerial Bodies for the Development of the ASCC Post-2025 Strategic Plan) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អង្គប្រជុំបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹង៖
១) ការកែសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រចាំបាច់សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន និងវិស័យនីមួយៗដើម្បីរក្សានិរន្តរភាព ថាមវន្ត ភាពធន់ និងការសម្របខ្លួនទៅនឹងនិន្នាការនាពេលបច្ចុប្បន្ន និងពេលអនាគត រួមទាំងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម
២) តួនាទីស្ថាប័នតាមវិស័យក្នុងការពង្រឹង និងពង្រីកភាពជាដៃគូ និងយន្តការកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ និងវិធីសាស្រ្ត ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ទាំងនៅថ្នាក់តំបន់ និងថ្នាក់ជាតិ
៣) កាលានុវត្តភាពក្នុងពេលបច្ចុប្បន្ន និងពេលអនាគត លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតសម្រាប់ប្រជាជនអាស៊ានក្នុងរយៈពេល ២០ ឆ្នាំខាងមុខ និងការធានាថាសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅតែជាសសរស្តម្ភស្នូលក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន
៤) យុទ្ធសាស្ត្រ វិធីសាស្រ្ត និងគំនិតផ្តួចផ្តើមនានាដែលសហគមន៍សង្គម-វប្បធម៌អាស៊ាន គួរផ្តល់អាទិភាព ដើម្បីការពង្រឹង និងពង្រីកការងាររបស់ខ្លួន ក៏ដូចជាក្នុងការបង្កើតអត្តសញ្ញាណអាស៊ានរួមគ្នា និងការធានានូវមជ្ឈភាពនៅក្នុងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
ឆ្លើយតបទៅនឹងចំនុចដែលបានលើកឡើងក្នុងអង្គប្រជុំ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងនូវចំនុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងរបៀបវារៈសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ដែលរួមមាន៖
១) ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយផ្ដោតលើសារៈសំខាន់នៃជំនាញក្នុងសតវត្សរ៍ទី២១ និងជំនាញឌីជីថលសម្រាប់យុវជន និងការបន្តលើកកម្ពស់ការអនុវត្តរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ាន
២) ភាពធន់នឹងអាកាសធាតុ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការលើកកម្ពស់សុខភាព និងអនាម័យ ការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ការរក្សាវប្បធម៌របស់ជនជាតិដើមភាគតិច អត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករចំណាកស្រុក គួរតែនៅជាផ្នែកសំខាន់នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥
៣) ការគាំទ្រភាពជាអ្នកដឹកនាំប្រកបដោយភាពបទបែននៅក្នុងវិស័យមុខងារសាធារណៈ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាឌីជីថល ឯកជនភាពនៃទិន្នន័យ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍
៤) ការផ្តល់សារៈសំខាន់លើការថែរក្សាកីឡា និងល្បែងប្រពៃណី ការពង្រឹងប្រព័ន្ធសុខភាពក្រោយជំងឺរាតត្បាត ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល និងគំនិតផ្តួចផ្តើមសុខភាពតែមួយ ៕