ចក្រភពអង់គ្លេស ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស ក្នុងវិស័យនានាជាច្រើននៃកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស។
ជាកិច្ចឆ្លើយតប ឯកឧត្តម ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត។ ក្នុងឱកាសជំនួបនេះដែរ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ៕