ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនិយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ មេបញ្ជាការ មេបញ្ជាការរង វរការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលដូចតទៅនេះ៖
– ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ ។
– ត្រូវបង្កើនសកម្មភាពក្តាប់ពីសភាពការណ៍និងប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគប្រមូលផ្តុំកម្លាំង ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។
– ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
– កម្លាំងអធិការនគរបាលក្រុង/ស្រុក ត្រូវសហការជាមួយអាជ្ញាធរដែនដី ធ្វើសកម្មភាពឃោសនាឲ្យបានសកម្ម ដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពាក់ព័ន្ធតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(DTA)។
– ត្រូវធ្វើការប្រមូលកម្លាំង ប្រជុំដាក់ផែនការពង្រឹងលើការងារការពារបូរណៈភាពទឹកដី ការងារការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភបំពាន និងការវិវាទផ្សេងៗ។
– បន្តពង្រឹងការផ្តល់សេវាសាធារណៈ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសសិស្សានុសិស្សដែលទើបគ្រប់អាយុ១៥ឆ្នាំ ។
– ត្រូវបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានរឹងមាំនិងមានកិច្ចសហការល្អជាមួយបណ្តាអង្គភាពនានានិងអាជ្ញាធរមូលដ្ឋាន ៕