ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវការគាំទ្រយ៉ាងពេញ ទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានបកស្រាយបំភ្លឺ និងបញ្ញាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យភាពជាតិ និងសក្តានុពល ប្រកបដោយសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្តួចផ្តើម ដំបូងក្នុងឆ្នាំ១៩៩៩ របស់ សម្ដេចតេជោ ក្នុងពេលនោះជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរ័ណកម្ម ខេត្តជាប់ព្រំដែននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណា៎ប្រែក្លាយព្រំដែននេះ ទៅជាព្រំដែន មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
កិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្ន ទៅវិញទៅមកដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនង ការទូត និងច្បាប់អន្តរជាតិ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្ម ឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក តាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
ប្រសាសន៍ស្រាយបំភ្លឺរបស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពិត និងគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីឧត្តមប្រយោជន៍ជាតិ ដែលបានមកពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ ព្រមទាំងធានារក្សាបានយ៉ាងគង់វង្សនូវបូរណភាពដែនដី គ្មានការបាត់បង់ទាំងបច្ចុប្បន្ន និងអនាគត ផ្ទុយពីពាក្យពោរពេញដោយកលល្បិច មួលបង្កាច់របស់ជនអគតិមួយក្តាប់តូចដែលបានប្រើប្រាស់ឧបាយកល ទុច្ចរិត ពិសពុល ឃោសនាអកុសល បំភ្លៃការពិត ជាពិសេសក្រុមយុវជនជ្រុលនិយមមួយចំនួន ដែលកំពុង បំផុសចលនាកៀរគរប្រមូលកម្លាំងធ្វើបាតុកម្មប្រឆាំងនឹងការអភិវឌ្ឍធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំតាមពាក្យ បោកប្រាស់ ភូតកុហករបស់ក្រុមខ្លួន ក្នុងគោលបំណងបំផុសបំផុល ញុះញង់ឱ្យមានចលាចល បង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខសន្តិភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសដាច់អហង្ការចំពោះការឃោសនាបង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ព្រមទាំងសូមអំពាវនាវដល់ ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕