រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡួម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង នៅក្នុងបរិវេណវត្តគីរីវ័ន្ដស្ពាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូ បានដឹកនាំចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពភាពផ្លូវចំនួន ២ខ្សែ គឺ៖
-ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១១,២គីឡូម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ដែលសម្រេចលទ្ធផលបាន ៥៨,៣២% ហើយនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤។
-ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១៤គីឡូម៉ែត្រ តភ្ជាប់ពីភូមិជីពាំង ឃុំជីពាំង ស្រុកពញាក្រែក ទៅដល់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែរ ដែលបានស្ថាបនាចប់ជាស្ថាពរកាលពីខែឧសភា ឆ្នាំ២០២៤ និងស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់មូលនិធិកិច្ចប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
តមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញទៅត្រួតពិនិត្យវឌ្ឍនភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់។
ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមន្ដ្រីបច្ចេកក្រសួង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សាងសង់អណ្ដូងស្នប់ ចំនួន ១៥អណ្ដូង និង សាងសង់បង្គន់អនាម័យ ចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតំបន់នោះផងដែរ ៕