អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារមួយ ដោយចាត់ឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើជាប្រធានដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹកឲ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ការណែនាំបែបនេះបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះ នឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល៥ឆ្នាំ ដែលមានចំនួន៥០គម្រោង សម្រាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តអោយបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារនេះ មករដ្ឋបាលរាជធានីភ្នំពេញម្តង។
ក្នុងនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ក្រុមហ៊ុនទាំងអស់ ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួនពីព្រោះក្រុមហ៊ុន សុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុផ្ទាល់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន ៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៨គម្រោង និង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ពិសេសតំបន់បឹងត្របែក។ ចំណែក ៧គម្រោងទៀត ស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកប្រធានមន្ទីរ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ ១៣១ខ្នងផ្ទះ ស្មើនិង១០០ភាគរយ នៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅដ្ឋានចេញដោយស្ម័គ្រចិត្ត ចេញពីផលប៉ះពាល់នៃគម្រោងនេះ។
ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ មានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន ១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង នៅក្នុងនោះ៖ ទី១.តំបន់បឹងទំពន់និងបឹងសាឡាង, ទី២.តំបន់បឹងត្របែក, ទី៣.តំបន់ខាងត្បូងឈាងខាងកើតព្រលានយន្តហោះភ្នំពេញ និងទី៤.តំបន់ខាងជើងរាជធានីភ្នំពេញ ៕