ក្នុងរយៈពេលមួយសប្ដាហ៍ កម្ពុជាទទួលបានចំណូលជាង៨១ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសឱ្យដឹង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហាកម្ពុជាទទួលបានចំណូលសរុប ៨១៤ ៧៧៥ដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គររបស់ភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥ នាក់ ដែលតួលេខនេះកើនឡើង ៥,៩%។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈដូចគ្នានេះ ដែរកម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦៥.០០០នាក់ដែលធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។
ដោយឡែកសម្រាប់ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៧៤ ជើងហោះហើរដោយក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥៦ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១៥ ជើងហោះហើរ។
ក្រសួងទេសចរណ៍ រំពឹងថា ចំនួនទេសចរនឹងបន្តកើនឡើង ខណៈដែលក្រសួងកំពុងធ្វើយុទ្ធនាការធំៗទាំង៣គឺ “ឆ្នាំទស្សនាសៀមរាប ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤” និង“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤” ព្រមទាំងសកម្មភាពជំរុញទេសចរណ៍ជាច្រើនទៀត ជាពិសេស ព្រឹត្តិការណ៍ Gumball 3000 ជាដើម ៕