បណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីចំនួន៦ នៅថ្ងៃទីពីរនៃទស្សនកិច្ចការងារ នៅព្រុយណេ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ ប្រទេសព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើប្រធានបទនានា ដែលពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ហើយក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ប្រទេសព្រុយណេ ក្នុងការសម្រេចបានកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេង ជាមួយលេខាធិការដ្ឋានអាស៊ាន ដែលជំនាន់ទី៣ នៃកម្មវិធីនេះ ត្រូវបានចាប់ផ្តើមកាលពីដើមខែនេះ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានសំដែងនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេផងដែរ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិបាលព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីសកម្មភាពនានា ពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានមួយដែលជោគជ័យ មានការថែរក្សាគ្នា និងប្រកបដោយចីរភាព ជាពិសេស ក្នុងជំរុញកិច្ចសហប្រតិបត្តិការក្នុងសុខភាពផ្លូវចិត្ត និងជំងឺដែលមិនអាចឆ្លងគ្នាបាន។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Manaf Metussin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប្រទេសព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងទេសចរណ៍ ដែលដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចតំបន់ ក៏ដូចជា ជំរុញភាពធន់ និងការអភិវឌ្ឍដោយចីរភាពផងដែរ។
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បន្ដបានជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Amin Liew Abdullah រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទី២ របស់ព្រុយណេ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះយុទ្ធសាស្ត្រពិពិធកម្មរបស់ព្រុយណេ ដែលរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់តំបន់។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីពាណិជ្ជកម្មនៅក្នុងរង្វង់អាស៊ាន បរិវត្តកម្មឌីជីថលរបស់អាស៊ាន នៅក្រោមផែនទីចង្អុលផ្លូវទីក្រុង Bandar Seri Begawan ក៏ដូចជា ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ពីការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ានចំពោះមជ្ឈមណ្ឌលអាស៊ានសម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេ ដែលរំពឹងថានឹងដើរតួនាទីសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីការបម្រែបម្រួលអាកាសធាតុ ជាពិសេស ក្នុងការផ្តល់នូវអនុសាសន៍គោលនយោបាយដែលផ្អែកលើភស្តុតាង និងការកសាងសមត្ថភាព ក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយឯកឧត្តម Pengiran Dato Shamhary Pengiran Dato Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីវឌ្ឍនភាពនៃវិស័យដឹកជញ្ជូន ការតភ្ជាប់ ការអភិវឌ្ឍទីក្រុងឆ្លាតវ័យ និងបរិវត្តកម្មឌីជីថលនៅក្នុងអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ព្រុយណេក្នុងការពង្រឹងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ នៅក្នុងអាស៊ាន រួមទាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អការរស់នៅក្នុងទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារដែលរៀបចំដោយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេ ដើម្បីស្វាគមន៍វត្តមានរបស់អគ្គលេខាធិការអាស៊ាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ នៅពេលនេះ ៕