អភិបាលខេត្តស្ទឹងត្រែង ឲ្យអាជ្ញាធររៀបចំសោភ័ណភាពខេត្ត និងសណ្តាប់ធ្នាប់ឲ្យបានមោះមុត ដើម្បីឲ្យពលរដ្ឋមកលេងដោយសប្បាយរីករាយ
ភ្នំពេញ៖ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានណែនាំឲ្យអាជ្ញាធរ និងគ្រប់គណៈបញ្ជាការឯកភាពទាំងអស់ ត្រូវរៀបចំសោភ័ណភាពខេត្ត រួមជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ ការប្រើប្រាស់ចិញ្ចើមផ្លូវរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានមោះមុត ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកលេង គឺមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ សោភ័ណភាពតាមតំបន់ទេសចរណ៍ក៏ស្អាត ។
ការណែនាំរបស់ ឯកឧត្ដម សរ សុពុត្រា ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃទី១៥ សីហានេះ ឯកឧត្ដម សរ សុពុត្រា បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពង្រឹង លើការងារសន្តិសុខតាមរយៈបង្កើតវេនប្រចាំការ ទាំងគណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ២៤ម៉ោងលើ២៤ម៉ោង ហើយក្នុងនោះវេនល្បាត នៅតាមទីតាំងក្នុងភូមិសាស្ត្រទាំងអស់ ក្រោមការត្រួតពិនិត្យរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ឯកឧត្តម សរ សុពុត្រា បានលើកលើងថា ពាក់ព័ន្ធទៅនឹងការងារសណ្ដាប់ធ្នាប់ ឥឡូវនេះយើងឃើញថា មានបងប្អូនភ្ញៀវទេសចរ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកអញ្ជើញមកទស្សនានៅខេត្តស្ទឹងត្រែងច្រើនជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានណែនាំថា «គ្រប់គណៈបញ្ជាការឯកភាពទាំងអស់ ត្រូវរៀបចំសោភ័ណភាពខេត្ត រួមជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ ការប្រើប្រាស់ចិញ្ចើមផ្លូវរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានមោះមុត ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងគឺមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ សោភ័ណភាពតាមតំបន់ទេសចរណ៍ក៏ស្អាត និងការស្នាក់នៅកុំឲ្យមានការឡើងថ្លៃជាដើម» ៕