រដ្ឋមន្ត្រីក្រសួងផែនការ អំពាវនាវដល់មន្ត្រីរាជការនៃមន្ទីរផែនការខេត្តក្រចេះ ពន្យល់និងផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ដួង ពៅ អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីប្រធានស្តីទីនាយកដ្ឋាន និងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួម។
ជាកិច្ចចាប់ផ្ដើម លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្តក្រចេះ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។ លោកប្រធានមន្ទីរ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្តក្រចេះ (២) តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធមន្ទីរផែនការ (៣) លទ្ធផលការងាររយៈពេល ១០ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ (៤) បញ្ហាប្រឈម និង (៥) សំណូមពរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តក្រចេះ ជាពិសេសការសម្រេចបានសមិទ្ធផលការងារគួរជាទីមោទនៈ និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងអង្គភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តក្រចេះ។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ “ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច”។
ឯកឧត្តមរដ្ឋមន្ត្រី គូសរំលឹកផងដែរអំពីចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដែលសម្ដេចបានកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ និងការឈានទៅសម្រេចបានកម្ពុជាចាកចេញពីប្រទេសដែលមានចំណូលកម្រិតទាប។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដល់ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនៅវឌ្ឍនភាពការងារ ដែលក្រសួងផែនការសម្រេចបាន ក្នុងរយៈពេលជាង ១១ខែកន្លងមក ដែលក្នុងនោះរួមមាន (១) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២) ការរៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (៣) ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (៤) ការតាមដានការអនុវត្តសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៥) ការកែទម្រង់រចនាសម្ព័ន្ធដឹកនាំ ការចាត់តាំង និងការអនុវត្តតួនាទីភារកិច្ច នៃក្រសួងផែនការ និង (៦) ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងការរៀបចំយុទ្ធសាស្ត្រចាកចេញដោយរលូន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍មហាសាល នៃការកសាងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ និងត្រូវបានអនុវត្តបើកការដ្ឋានសាងសង់ នាពេលថ្មីៗកន្លងទៅនេះ។
ជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដោយសង្ខេបអំពីប្រវត្តិនៃ កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា កិច្ចសហប្រតិបត្តិការនេះមានរយៈពេលជាង ២៥ឆ្នាំ កន្លងមកហើយ និងពុំមានធ្វើឱ្យបាត់បង់ទឹកដីដូចក្រុមឧទ្ទាមក្រៅច្បាប់បានបំភ្លៃ បំផុសបំផុល និងប្រតិដ្ឋព័ត៌មានបោកប្រាស់ ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងបំបែកបំបាក់សាមគ្គីភាពជាតិខ្មែរនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីរាជការនៃមន្ទីរផែនការខេត្តក្រចេះ ចូលរួមពន្យល់និងផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយដែលបង្កឡើង ក្នុងចេតនាបំផ្លាញសន្តិភាពនិងការអភិវឌ្ឍ ដែលកម្ពុជាបានមកដោយលំបាក។
ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ការកសាងនិងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជំនាញ នៃមន្ទីរផែនការខេត្តក្រចេះ ដើម្បីប្រែក្លាយខ្លួនជាមនុស្សស្នូលសម្រាប់អង្គភាព និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ៕