ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំរៀបចំប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តរតនគិរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អភិបាលរងខេត្តរតនគិរី ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញនៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធសរុបចំនួន ៤៥នាក់ ស្រី៦នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តរតនគិរី មុននឹងដាក់ជូននូវសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក នៃខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកទាំង៩នៃខេត្តរតនគិរី ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍ រួមទាំងកត្តាសំខាន់ៗដទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ ៕