និស្សិតជ័យលាភីអាហារូបករណ៍ សិក្សានៅប្រទេសហុងគ្រី ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗ មុនចេញដំណើរទៅបន្តការសិក្សា
ភ្នំពេញ៖ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសហុងគ្រី (Stipendium Hungaricum Programme) ចំនួន ១៨រូប មុនចេញដំណើរទៅសិក្សា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជំនួបនេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីលើនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
សូមជម្រាបផងដែរថាជំនាញដែលក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នឹងត្រូវសិក្សារួមមាន៖ កសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ទូរគមនាគមន៍ វិទ្យាសាស្រ្ត និងធម្មជាតិ៕