WHO ប្រកាសការផ្ទុះឡើងនៃជំងឺអុតស្វានៅទ្វីបអាហ្រ្វិក ជាគ្រាអាសន្នផ្នែកសុខភាពសកល
ឡុងដ៍៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសការផ្ទុះឡើងនៃជំងឺអុតស្មានៅក្នុងប្រទេសកុងហ្គោ និងកន្លែងផ្សេងទៀតក្នុងទ្វីបអាហ្រ្វិកជាគ្រាអាសន្នជាសកលកាលពីថ្ងៃពុធទី ១៤ ខែសីហា ជាមួយនឹងករណីឆ្លងដែលត្រូវបានបញ្ជាក់ក្នុងចំណោមកុមារ និងមនុស្សពេញវ័យនៅក្នុងប្រទេសជាង ១២ និងទម្រង់ថ្មីនៃមេរោគរីករាលដាល ខណៈកម្រិតនៃការចាក់វ៉ាក់សាំងទាប។
នៅដើមសប្តាហ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក(CDC)បានប្រកាសថា ការផ្ទុះឡើងនៃមេរោគអុតស្វាគឺជាគ្នាអាសន្នផ្នែកសុខភាពសាធារណៈ ដោយមានអ្នកស្លាប់ជាង ៥០០នាក់ និងបានអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគដ៏សាហាវនេះ។
ជុំវិញបញ្ហានេះ អគ្គនាយក WHO លោក តេដ្រូស អាថាណុម ហ្គេប្រេយេស៊ូស បានលើកឡើងថា “នេះគឺជាអ្វីដែលគួរព្រួយបារម្ភដល់យើងទាំងអស់គ្នា[…] សក្តានុពលសម្រាប់ការរីករាលដាលបន្ថែមទៀតនៅក្នុងទ្វីបអាហ្រ្វិក និងក្រៅតំបន់ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់”។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក បានបញ្ជាក់ថា ជំងឺអុតស្វាត្រូវបានគេរកឃើញនៅក្នុង ១៣ប្រទេសក្នុងឆ្នាំនេះ ហើយជាង ៩៦ភាគរយនៃករណីនេះ និងការស្លាប់ទាំងអស់គឺស្ថិតនៅក្នុងប្រទេសកុងហ្គោ។ ករណីឆ្លងកើនឡើង ១៦០ភាគរយហើយអ្នកស្លាប់កើនឡើង ១៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រហូត មក ដល់ ពេល នេះ មាន ការឆ្លងជាង ១៤ ០០០ ករណី ហើយ មនុស្ស ៥២៤នាក់ បាន ស្លាប់។ មន្ត្រីនៅ CDC បាននិយាយថា ជិត៧០ភាគរយនៃកណីនៅក្នុងប្រទេសកុងហ្គោគឺកើតមានលើកុមារអាយុក្រោម ១៥ឆ្នាំ ដែលមានចំនួន៨៥ភាគរយនៃការស្លាប់ផងដែរ។
លោក សាលីម អាប់ឌូល ការីម (Salim Abdool Karim) អ្នកជំនាញជំងឺឆ្លងអាហ្វ្រិកខាងត្បូង និងជាប្រធានក្រុមសង្គ្រោះបន្ទាន់CDC បានលើកឡើងថា ៖«ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពមួយដែលជំងឺអុតស្វាបង្កហានិភ័យដល់ប្រទេសជិតខាងជាច្រើនទៀតនៅក្នុង និងជុំវិញអាហ្វ្រិកកណ្តាល»។ កាលពីឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺអុតស្វាជាភាពអាសន្នសាកល បន្ទាប់ពីបានរីករាលដាលដល់ប្រទេសជាង៧០ប្រទេស ដែលភាគច្រើនប៉ះពាល់ដល់បុរសស្រឡាញ់ភេទដូចគ្នា។
អ្នកជំនាញមានការព្រួយបារម្ភជាពិសេសអំពីការរីករាលដាលនៃជំងឺអុតស្វានៅក្នុងជំរំសម្រាប់ជនភៀសខ្លួននៅភាគខាងកើតប្រទេសកុងហ្គោដែលមានជម្លោះ។ ទន្ទឹមគ្នានេះ អង្គការ Save the Children បានបង្ហាញថា ប្រព័ន្ធសុខភាពរបស់ប្រទេសកុងហ្គោបាននឹងកំពុងយ៉ាប់យ៉ឺនរួចហើយ ក្រោមភាពតានតឹងនៃកង្វះអាហារូបត្ថម្ភ ជំងឺកញ្ជ្រឹល និងជំងឺអាសន្នរោគ។
គួរបញ្ជាក់ថា ជំងឺអុតស្វានេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងបណ្តាប្រទេសចំនួនបួននៅអាហ្វ្រិកខាងកើតគឺ៖ ប៊ូរុនឌី កេនយ៉ា រ្វាន់ដា និងអ៊ូហ្គង់ដា ខណៈការផ្ទុះឡើងទាំងអស់នោះមានទំនាក់ទំនងទៅនឹងការផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ។កុងហ្គោមិនបានទទួលវ៉ាក់សាំងអុតស្វា ដែលខ្លួនបានស្នើសុំទេ។ អាជ្ញាធរកុងហ្គោ បានអោយដឹងថាពួកគេបានស្នើសុំវ៉ាក់សាំងចំនួន ៤ លានដូស៕