រដ្ឋបាលរាជធានីភ្នំពេញ ផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានថ្មី ដោយឯកឧត្ដម កើត ឆែ ជាប្រធាន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា «អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ» ក្រោយពីលោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។
យោងតាមដីកាស្តីពីការបង្កើត មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ដីកាស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖
ប្រការ១៖ ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖
* ១៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។
* ២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។
* ៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលសាលារាជធានីជាសមាជិកា។
* ៤៖ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគរាជធានី ជាសមាជិក។
ប្រការ២៖ មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានា ឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព៕