២៦ឆ្នាំ ជាជំនួយការអចិន្ត្រៃយ៍របស់សម្តេចតេជោ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ
ភ្នំពេញ៖ រយៈពេល២៦ឆ្នាំ ជាជំនួយការអចិន្ត្រៃយ៍របស់សម្តេចតេជោ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ, សម្តេចតេជោ យកចិត្តទុកដាក់កែប្រែតំបន់ធ្លាប់មានជម្លោះ ឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា រាល់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងភ្ញៀវបរទេស បានអះអាងថារយៈពេល២៦ឆ្នាំកន្លងមកនេះ សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ, ប៉ុន្តែសម្តេចតេជោ តែងតែយកចិត្តទុកដាក់ ព្យាយាមជំរុញការកែប្រែតំបន់ដែលធ្លាប់មានជំម្លោះ តំបន់ដែលធ្លាប់តែកើតសង្គ្រាមឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីការក្រុមចលនាមួយក្តាប់តូចកំពុងធ្វើសកម្មភាពញុះញង់ចេញពីក្រៅប្រទេស អុជអាលឱ្យមានបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុ ន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ខេត្តចំនួន៤ រួមមាន៖ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ឱ្យទៅវៀតណាម។ ចេតនារបស់ក្រុមជ្រុលនិយមគឺប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តែប៉ុណ្ណោះ។
ជាមួយគ្នានេះ «កម្មករ កម្មការនី និងប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន» បានគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើសុំឱ្យមានអភិវឌ្ឍដើម្បីការងារ ជីវភាពល្អប្រសើរ និងការអភិវឌ្ឍកម្ពុជា។
សូមបញ្ជាក់ថា ពួកអគតិក្រៅច្បាប់ កំពុងចង់ឱ្យប្រទេសយើងធ្លាក់ចុះ ពួកអគតិទាំងនោះ ចង់ឱ្យយើងបាត់បង់សេដ្ឋកិច្ច ឱ្យយើងបាត់បង់ការប្រកួតប្រជែង ដើម្បីកុំឱ្យមានការអភិវឌ្ឍនៅតាមតំបន់ជាប់ព្រំដែនទាំងនោះ។ ពួកគាត់ចង់ឱ្យគេយកដីរបស់ខ្មែរយើងនេះឯង។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា តាមពិត ពួកគាត់មានការស៊ុមគ្រលុំគ្នា ដើម្បីបង្កបញ្ហានៅក្នុងសង្គមកម្ពុជា ពួកគាត់ទាំងអស់នោះទេ ដែលចង់ឱ្យមានការបាត់បង់ទឹកដីនោះ។ ពួកគាត់ទេ ដែលបានចុះហត្ថលេខា ជាមួយ កុក ស ប្រគល់ដីឱ្យគេ៕