ឯកឧត្តម ប៊ិន ត្រឈៃ ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរី
ភ្នំពេញ៖ កាលពីទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួម។
ជាកិច្ចចាប់ផ្ដើម លោកស្រី ប៉ុល វ៉ាន្នីដា ប្រធានមន្ទីរផែនការខេត្តមណ្ឌលគីរី អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។
ថ្លែងក្នុងពិធី លោកស្រីប្រធានមន្ទីរ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្ត (២) តួនាទីភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការខេត្ត (៣) សមិទ្ធផលការងារដែលសម្រេចបានគិតត្រឹម ៧ខែដើមឆ្នាំ ២០២៤ (៤) បញ្ហាប្រឈម និង (៥) សំណូមពរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។
ថ្លែងក្នុងពិធីនាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូននូវវឌ្ឍនភាពការងារមួយចំនួនដែលក្រសួងផែនការសម្រេចបាននាពេលកន្លងមក រួមមាន (១) ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (២) ការងារតាមដានការអនុវត្តសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៣) ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញដោយរលូន និង (៤) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាមូលដ្ឋាននៃការកសាងមូលធនមនុស្សជំនាន់ក្រោយ សម្រាប់ការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។
ផ្សារភ្ជាប់នឹងការងារអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ លើគោលនយោបាយជាតិប្រជាជនសម្រាប់ការទាញយកផលប្រយោជន៍ជាអតិបរមា ពីភាគលាភប្រជាសាស្ត្រទី១ ទី២ និងទី៣។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរអំពីសារៈសំខាន់នៃការធ្វើអង្កេតនិងជំរឿន ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែលក្នុងនោះក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រងសំណួរលើក្រដាស ទៅជាការប្រើឧបករណ៍ថាប្លេតជំនួសវិញ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ថ្មីៗនេះ ក្រសួងផែនការទើបបានទទួលថាប្លេតចំនួន៩០០គ្រឿង ដែលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើអង្កេត ជំរឿន ចន្លោះជំរឿន ដែលមានមន្ត្រីប្រមូលទិន្នន័យក្រោម១០០០នាក់ អាចប្រើប្រាស់ថាប្លេត សម្រាប់ចុះស្រង់ទិន្នន័យជំរឿន និងអង្កេត។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរី និងលើកទឹកចិត្តដល់ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី៕