អភិបាលខេត្តកំពត ប្រាប់ប្រជាពលរដ្ឋទាំងអស់ថា ប្តឹងផ្តល់គ្នា ត្រូវពិចារណាសិន បើប្តឹងខាតពេល ខាតលុយ និងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានប្តឹងផ្តល់រួចមកហើយ និងអ្នកដែលមិនទាន់បានប្តឹងផ្តល់គ្នា សូមគិតពិចារណាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុតមុនដាក់ពាក្យបណ្តឹង ព្រោះការមានទំនាស់រវាងគ្នានឹងគ្នា គឺមិនបានផ្តល់នូវផលល្អសម្រាប់គូរភាគីណាមួយនោះឡើយ មានតែធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់ប្រាក់កាស់ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះជាដើម។
ការដាស់តឿននេះបានធ្វើឡើងខណៈ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតី ក្នុងកម្មវិធីបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ករណីដែលនៅសេសសល់មួយចំនួន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសាលមហាជន សាលាខេត្តកំពត ដោយចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ អង្គភាព ស្ថាប័ន អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញ និងដាក់ចេញនូវគោលការណ៍ ពិសេសកិច្ចចង្អុលការ ដោយផ្ទាល់មកកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងឱ្យមានប្រសិទ្ធិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកប ដោយភាពសុខសាន្ត កាត់បន្ថយការចំណាយពេលវេលា និងថវិកា ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវព្យាយាមដោះស្រាយបញ្ចប់វិវាទនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានចប់ត្រឹម ឃុំ-សង្កាត់ ឬក្រុង-ស្រុក របស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយពេលវេលា ឬថវិការបស់ពលរដ្ឋ។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយបញ្ចប់វិវាទ បានលើកឡើងថា ការដោះស្រាយរបស់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជាក្រុមការងារពាក់ព័ន្ធ គឺស្ថិតលើសុភវិនិច្ឆ័យ និងថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយការដោះស្រាយមិនមានភាពលំអៀងទៅភាគីណាមួយនោះឡើយ។ ប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំចំណាយពេលវេលា ដ៏មានតម្លៃធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅដល់ស្ថាប័នតុលាការនោះទេ។
សូមបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ថ្ងៃទី១៥ សីហា មានចំនួន ១៣ករណី ដែលសុទ្ធសឹងជាករណីទំនាស់ដីកេរ្តិ៍មរតក រវាងកូនៗ និងឪពុកម្តាយ រវាងបងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់ដោយប្រើរយៈពេលជិតពេញមួយថ្ងៃ។
គួររំលឹកថាក្រោយពីទំនាស់ ករណី ធំ-តូច ប្រមាណជិត ៣ពាន់ករណី ត្រូវបានដោះស្រាយបញ្ចប់ ពិសេសវិវាទដីធ្លីធំៗ គឺទំនាស់ដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ក្នុងការដោះស្រាយម្ដងៗ ប្រជាពលរដ្ឋមានការសាទរ ហើយទទួលយកបានរាល់លទ្ធផល ដែលបានដោះស្រាយរួច គ្រប់ភាគីពាក់ព័ន្ធទំនាស់ទាំងអស់៕