គណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវសមាជិក និងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់ ជៀសវាងចូលរួមចលនាមិនស្របច្បាប់ណាមួយ ដែលនាំឱ្យសង្គមជាតិបែកបាក់
ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រ ខ្លួនទាំងអស់រក្សាភាពស្ងប់ស្ងាត់ ហើយជៀសវាងចូលរួមក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យសង្គមជាតិបែកបាក់។
យោងតាមសេចក្តីអំពាវនាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងថា «ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រ នៃ គណបក្សរាជានិយមទាំងអស់ សូមមេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំ ដោយជៀសវាង ចូលរួមក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាយើង»។
ការអំពាវនាវរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម ព្រមានធ្វើបាតុកម្មហិង្សា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសថា ទាមទារឱ្យកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម។
គណបក្សហ្វ៊ុនស៊ិនប៉ិច បានគូសបញ្ជាក់ថា ការសម្តែងមតិ ឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាងយកការសម្តែងមតិនោះទៅប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង៕