រដ្ឋមន្រ្តី ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ នៅមណ្ឌលសុខភាពក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្រ្តី បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងផ្តល់សេវាថែទាំសុខភាព កិច្ចការរៀបចំទទួលអ្នកជំងឺ កិច្ចការពិគ្រោះជំងឺទឹកនោមផ្អែម-លើសឈាម និងរោគស្ត្រី ការរក្សាទុកដាក់ថ្នាំសង្កូវ វ៉ាក់សាំង ការរក្សាឯកសារ-កត់ត្រាពត៌មាន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ដោយផ្ទាល់ដល់កុមារ ដែលមកទទួលសេវាថ្នាំបង្ការនៅមណ្ឌលសុខភាព។ សេវាផ្តល់វ៉ាក់សាំងថ្ងៃនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ និងបទពិសោធន៍របស់ ឯកឧត្តមសាស្ត្រាចារ្យផ្ទាល់ ដែលលោកបានទទួលបម្រើសេវាការចាក់វ៉ាក់សាំងនៅតាមសហគមន៍ កាលអំឡុងដើមទស្សវត្សរ៍៩០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។