ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ អាខោន TIKTOK ក្លែងក្លាយ ឈ្មោះខ្មែរសាមគ្គី យកវីដេអូចាស់កាលពីថ្ងៃ៣០ មិថុនា មកផ្សព្វផ្សាយបំពុលសង្គម
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានអាខោនតិកតុក (TIKTOK) ឈ្មោះ (ខ្មែរសាមគ្គី) ដែលជាអាខោន (TIKTOK) ក្លែងក្លាយតែងតែផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គម បានយករូបភាពវីដេអូ ១ឃ្លីប ជារូបភាពចាស់កើតឡើងកាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ។
នៅចំណុចផ្លូវ៦០ម៉ែត ក្នុងខណ្ឌដង្កោ រឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ១ក្រុម មានមនុស្សចូលរួម ១៣៥នាក់ ជាមួយក្រុមហ៊ុន (ING) ដោយតវ៉ាបិទផ្លូវក្នុងកំឡុងពេលនោះ ។
ប៉ុន្តែរឿងវិវាទដីធ្លីខាងលើនេះក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចេញទៅសម្របសម្រួលដោះស្រាយ នាំឱ្យប្រជាពលរដ្ឋបានរំសាយទៅលំនៅដ្ឋានវិញរៀងៗខ្លួននៅថ្ងៃដដែលនោះ។
ក្រុមការងារព័ត៌មាន និងប្រិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺកុំឱ្យមហាជនមានការយល់ច្រឡំដោយនៅចំណុចផ្លូវ៦០ម៉ែត្រ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋធ្វើដំណើរប្រកបមុខរបររកស៊ីជាធម្មតាមិនមានអ្វីកើតឡើងនោះទេ និងក៏សូមថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិតែងតែមានគំនិតទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់បង្កឱ្យមានការចលាចលក្នុងសង្គម និងបានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវជាបន្ទាន់នាំយកជនទុច្ចរិតទាំងនេះយកមកអនុវត្តតាមផ្លូវច្បាប់៕