បទវិភាគ៖ប្រទេសចិននៅតែជាគោលដៅវិនិយោគពេញនិយមដែលទទួលការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល
“ទីផ្សារចិនមានកម្លាំងរស់រវើកយ៉ាងខ្លាំង ថែមទាំងការរៀបចំចាត់ចែងរបស់រដ្ឋាភិបាលចិនក្នុងការពង្រីកតម្រូវការក្នុងស្រុក និងជំរុញការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ ប្រការទាំងនេះបានផ្តល់ចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយដល់ពួកយើង ។” លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Teslaបានថ្លែងដូចពោលខាងលើ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការសេដ្ឋកិច្ចចិននៅខែកក្កដាកាលពីថ្ងៃទី ១៥ ខែសីហា ។
តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេសបានបង្កើនការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ហាក់ដូចជាបាន“បោះឆ្នោតគាំទ្រ”ចំពោះសេដ្ឋកិច្ចចិនតាមរយៈប្រាក់ទុនពិតៗ ។ នៅខែសីហា ក្រុមហ៊ុន ARBURG ពាណិជ្ជករផលិតម៉ាស៊ីនប្លាស្ទិកបានសម្រេចចិត្តធ្វើផលិតកម្មនៅប្រទេសចិន ក្រុមហ៊ុនABB នៃប្រទេសស្វ៊ីស និងគម្រោងឥន្ធនៈហ្វូស៊ីលនៅឈូងសមុទ្រDa Yaនៃក្រុមហ៊ុន Exxon Mobil របស់អាមេរិកបាននាំគ្នាប្រកាសថា នឹងបង្កើនការវិនិយោគនៅប្រទេសចិន ។ របាយការណ៍ថ្មីបំផុតដែលក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានប្រកាសបានបង្ហាញឱ្យឃើញថា សហគ្រាសបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនលើសពី៤០ភាគរយបានសម្គាល់ឃើញថា កម្លាំងទាក់ទាញរបស់ទីផ្សារចិនបានកើនឡើង ។ ពិតមែនតែនិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននៅតែជាគោលដៅវិនិយោគពេញនិយមដែលទទួលការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល។
តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារចិនគឺមកពីណា ? យើងអាចរកឃើញក្នុង “តារាងពន្ទុ”នៃដំណើរការសេដ្ឋកិច្ចចិននៅខែកក្កដា ដែលត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ។ នៅខែកក្កដា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ល្បឿនបង្កើននៃតម្លៃបន្ថែមរបស់មុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង០,៤ភាគរយបើប្រៀបធៀបនឹងខែមិថុនា សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មបានកើនឡើង០,១ភាគរយបើប្រៀបធៀបនឹងខែមិថុនា លំហូរទំនិញនិងអ្នកធ្វើដំណើរបានកើនឡើង៦,៥ភាគរយនិង៤,៦ភាគរយដោយឡែកពីគ្នា ។ល។ ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងតឹងរ៉ឹងនិងការរំខានពីកត្តាក្នុងរយៈពេលខ្លីដូចជាធាតុអាកាសអាក្រក់ជ្រុលក្នុងស្រុកជាដើម សេដ្ឋកិច្ចចិនបានបន្តរក្សានិន្នាការអភិវឌ្ឍន៍ដែលមានភាពនឹងនរជាទូទៅ និងមានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព ។
ទីផ្សារគឺមានន័យថាឱកាសពាណិជ្ជកម្ម ។ បច្ចុប្បន្ននេះ ទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិនកំពុងត្រូវលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់ ដែលបាននាំមកនូវវិស័យវិនិយោគពេញនិយមនិងឱកាសពាណិជ្ជកម្មថ្មី ។ នៅខែកក្កដា ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងបានកើនឡើង០,៧ភាគរយបើប្រៀបធៀបនឹងខែមិថុនា ការប្រើប្រាស់ខាងសេវាកម្មបានកើនឡើងយ៉ាងឆាប់បង្គួរ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយនៃមុខរបរសេវាកម្មបានកើនឡើង៧,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ការប្រើប្រាស់បែបថ្មីត្រូវបានត្រួសត្រាយឥតឈប់ឈរ ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយភាពវៃឆ្លាត ការធ្វើទេសចរណ៍វប្បធម៌ និងផលិតផលពេញនិយមក្នុងស្រុកបានក្លាយជាចំណុចកំណើនថ្មី ។
ការច្នៃប្រឌិតថ្មីជាកម្លាំងចលករគន្លឹះរបស់សហគ្រាសសម្រាប់ការអភិវឌ្ឍជានិរន្តរភាព ។ នៅខែកក្កដាតម្លែបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ធុនមធ្យមនិងធំបានកើនឡើង១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ពីខែមករាដល់ខែកក្កដា ផលិតផលវៃឆ្លាតនិងបៃតង ដូចជាបរិក្ខារសិប្បនិម្មិត និងរថយន្តថាមពលថ្មីជាដើមបានរក្សាកំណើន២ខ្ទង់ ល្បឿនកំណើននៃការវិនិយោគលើឧស្សាហកម្មបច្ចេកទេសខ្ពស់បានខ្ពស់ជាងការវិនិយោគទាំងអស់ចំនួន៦,៨ភាគរយ ។ ការបង្កើតចំណុចកំណើនថ្មី មានអំណោយផលដល់ការបង្កើនកម្លាំងប្រតិបតិ្តរបស់សេដ្ឋកិច្ចចិន ។
បើមើលពីរយៈពេលវែងអាចឃើញថា បរិយាកាសប្រកបអាជីវកម្មជាកត្តាគន្លឹះដែលអាចសម្រេចកម្លាំងទាក់ទាញរបស់ទីផ្សារ ។ សហគ្រាសបរទេសជាច្រើនបានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកែលំអបរិយាកាសប្រកបអាជីវកម្ម ធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាត្រូវប្រមូលកម្លាំងជាមួយគ្នា ។ គោលនយោបាយដូចជាការធានាការផ្តល់ផលអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេសជាដើម នឹងធ្វើឱ្យពួកគេអាចធ្វើអាជីវកម្មក្នុងបរិយាកាសទីផ្សារដែលកាន់តែប្រកបដោយភាពយុត្តិធម៌និងតម្លាភាព ។
យោងតាមការអនុវត្តវិធានការកំណែទម្រង់ដ៏ធំនិងសំខាន់មួយចំនួន ប្រទេសចិននឹងជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរជាបន្តបន្ទាប់ ក្នុងន័យសម្រេចបាននូវគោលដៅសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ ក៏ដូចជានឹងចែករំលែកកាលានុវត្តភាពជាមួយពិភពលោក ។ដូចនេះ ប្រទេសចិនបែបនេះនឹងក្លាយជា “ជម្រើសដែលចៀសមិនរួច” និងទីផ្សារដែលត្រូវគាំពាររបស់ទុនបរទេសជាច្រើន៕