ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ អេ អាយ អេ “ជើង ឯកវិទ្យាល័យ” លើកទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ អេ អាយ អេ “ជើង ឯកវិទ្យាល័យ” លើកទី៤ ឆ្នាំ ២០២៤ នៅអគារខេមរានី ស្នាក់ការ ស.ស.យ.ក.រាជធានីភ្នំពេញ។
អញ្ជើញមានវត្តមាននាឱកាសនោះរួមមានឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងមានការចូលរួមពីសំណាក់ ប្អូនៗ កីឡាករ កីឡាការិនី អាជ្ញារកណ្តាល សិល្បករ សិល្បការិនី សមាជិក សមាជិកា ស.ស.យ.ក និងភ្ញៀវកិត្តិយសជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងការបើកព្រឹតិការណ៍បាល់ទាត់ពាន រង្វាន់ អេ អាយ អេ “ជើងឯកវិទ្យាល័យ” លើកទី៤ ឆ្នាំ២០២៤នាឱកាសនោះ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើង អំពីបុព្វហេតុរបស់ ស.ស.យ.ក. ដោយឯកឧត្តមបានបង្ហាញនូវមោទនភាពខ្លួន ក្នុងនាមជាសមាជិក ស.ស.យ.ក. មួយរូប ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាផលប្រយោជន៍ និងភាពសម្បូរសប្បាយរបស់ជូនប្រជាជនក្នុងនាមជាខ្មែរតែមួយ។
ឯកឧត្តមបានបន្តថា ស.ស.យ.ក. ជាអង្គការសមាគមន៍មួយដែលបានប្រឹងប្រែងរៀបចំកម្មវិធី នាំមកនូវភាពជួបជុំគ្នា សម្រាប់អ្នកដែលមិនធ្លាប់មានឱកាសមកជួបជុំ ដើម្បីបង្កើតភាពស្និតស្នាលបន្តិចម្តងៗ ក្នុងគោលបំណងបំផុសស្មារតីជាខ្មែរតែមួយ ចូលរួមទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នាឱកាសនេះ បានសរបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃការរៀបចំ គឺផ្តល់ឱកាសឱ្យយុវជន ដែលមកពី វិទ្យាល័យខុសៗគ្នាបង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព ស្គាល់គ្នាទៅវិញទៅមក ដើម្បីក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល និងរួមគ្នាជាចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិ៕