កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំជំងឺអេដស៍ និងការថែទាំសុខភាពបឋម ដល់បុគ្គលិករោងចក្រ នៅក្រុងតាខ្មៅ
ភ្នំពេញ៖ ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កម្មករ កម្មការិនី ចំនួន ៣៥នាក់ នៃរោងចក្រ ឃីង សឹកសេស ឯ.ក (KING SUCCESS CO.,LTD.) ដែលនឹងក្លាយជាគ្រូបង្គោលអប់រំជំងឺអេដស៍ គឺជាទូតសុច្ឆន្ទៈដែលប្រកបដោយចំណេះដឹង និងជំនាញក្នុងការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការការចម្លងនៃមេរោគអេដស៍ និងការថែទាំសុខភាពបឋម ដល់កម្មករ កម្មការិនីដទៃទៀត នៅក្នុងក្រុមហ៊ុនដែលមានសមាជិកប្រមាណ ១.៣០០នាក់។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលខាងលើនេះ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរជាពិសេសដល់លោក Leo Man អគ្គនាយករោងចក្រ ឃីង សឹកសេស ឯ.ក ដែលមានគំនិតផ្តួចផ្តើមស្នើសុំដល់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចុះមកបណ្តុះបណ្តាលដល់បុគ្គលិកចំនួន ៣៥នាក់ ក្នុងរោងចក្រនេះ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ ជាគ្រូបង្គោល និងជាទូតសុច្ឆន្ទៈ ក្នុងការអប់រំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងបងប្អូនកម្មករកម្មការិនីដទៃទៀត ឱ្យមានការយល់ដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ ការថែទាំសុខភាពបឋម និងការទប់ស្កាត់ជំងឺមិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី។ល។
លោក Leo Man អគ្គនាយករោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានចុះមកផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ហើយសង្ឃឹមជឿជាក់ថាគ្រូបង្គោលទាំង ៣៥នាក់ នឹងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ និងបងប្អូនកម្មករកម្មការិនីដទៃទៀត៕