លោក Trump សន្យាធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក ជាមួយអ៊ីរ៉ង់ល្អប្រសើរឡើងវិញ
បរទេស៖ បើតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងមានភាពរួសរាយរាក់ទាក់ ជាមួយទីក្រុងតេហរ៉ង់ឡើងវិញ ប្រសិនបើលោកវិលត្រឡប់មកកាន់ សេតវិមាននៅអាណត្តិថ្មីនេះ។
ប្រភពដដែលបានសរសេរទៀតថា លោកបានធ្វើការកត់សម្គាល់ នេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងថ្លែងក្នុងសន្និសីទកាសែតក្នុងរដ្ឋ New Jersey អំពីផែនការរបស់លោកក្នុងការស្ដារសន្តិភាពពិភពលោកឡើងវិញ។
លោក Trump បាននិយាយបន្ទាប់ពីចោទប្រកាន់ទីក្រុងតេហរ៉ង់ថា បានផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ថា៖ខ្ញុំមិនមើលទៅអាក្រក់ចំពោះអ៊ីរ៉ង់ទេ យើងនឹងមានភាពរួសរាយរាក់ទាក់ ខ្ញុំសង្ឃឹមថា ប្រហែលជា ប៉ុន្តែប្រហែលជាមិនមែន។ លោក Trump បានសង្កត់ធ្ងន់ថា៖ ប៉ុន្តែពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហៅកាត់ថា JCPOA នៅក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូង ដែលដឹកនាំដោយលោក Trump ដែលនៅពេលនោះបានហៅកិច្ចព្រមព្រៀងនេះថា កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន៕