ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា អញ្ជើញចុះពិនិត្យការគ្រប់គ្រង និងផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះធ្វើអភិបាលកិច្ចការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តកោះកុង។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសុខភាពសាធារណៈ គឺជាចលករដ៏សំខាន់ និងចាំបាច់ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាអាទិភាពបំផុត» ហើយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវកិច្ចការនេះឱ្យបានជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ ក្នុងការប្រតិបត្តិការងារផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកោះកុង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដែលមន្ទីរពេទ្យមានសកម្មភាពមមាញឹកក្នុងការផ្តល់សេវាសុខភាពជូនប្រពលរដ្ឋ និងទទួលបានការពេញចិត្តពីអ្នកទទួលសេវានិងក្រុមគ្រួសារអ្នកជំងឺ។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យផ្តល់ជាអាទិភាពក្នុងការពង្រឹង និងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ពង្រីកផ្នែកផ្តល់សេវាឯកទេស ដូចជាផ្នែកជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាម ផ្នែកជំងឺផ្លូវចិត្ត ផ្នែកថែទាំនិងព្យាបាល ជំងឺភ្នែក ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសហគមន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់ គណៈដឹកនាំមន្ទីរពេទ្យខេត្តកោះកុង ដែលបានខិតខំបំពេញការងារបានល្អ ចំនួនប្រជាពលរដ្ឋមកទទួលសេវាសុខភាពកើនឡើងជាលដាប់ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាស្លាប់របស់អ្នកជំងឺមានការថយចុះ បរិស្ថាន និងសោភ័ណភាពរបស់មន្ទីរពេទ្យស្រស់ស្អាត ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យមានភាពល្អប្រសើរ និងមានការចូលរួមគាំទ្រពីសប្បុរសជន និងដៃគូអភិវឌ្ឍនានា។
សូមជម្រាបជូនដែលថា មន្ទីរពេទ្យខេត្តកោះកុង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការផ្តល់សេវាសុខភាពសាធារណៈគំរូ ដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ នៅឆ្នាំ២០១៩ ៕