រដ្ឋមន្ត្រីបរិស្ថាន៖ សម្តេចតេជោ មិនដែរកាត់ទឹកដីសូម្បីតែ ១មីល្លីម៉ែត្រ ទៅឱ្យប្រទេសណាមួយនោះទេ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអតីតមន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល២៦ឆ្នាំ របស់សម្តេចតេជោ បានអះអាងថា សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រឡើយ ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាសដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់ពោរពេញទៅដោយកិច្ចសហការ និងមានការអភិវឌ្ឍដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ»។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងភ្ញៀវបរទេស បានអះអាងថារយៈពេល២៦ឆ្នាំកន្លងមកនេះ សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ, តែសម្តេចតែងតែយកចិត្តទុកដាក់ ព្យាយាមជំរុញការកែប្រែតំបន់ ដែលធ្លាប់មានជំម្លោះតំបន់ដែលធ្លាប់តែកើតសង្គ្រាមឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិតគឺក្រុមចលនាក្រៅច្បាប់ មួយក្តាប់តូចកំពុងធ្វើសកម្មភាពញុះញង់ចេញពីក្រៅប្រទេស អុជអាលឱ្យយុវជន នៅក្នុងប្រទេសកម្ពុជា ចេញមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ឱ្យដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ខេត្តចំនួន៤ រួមមាន៖ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅវៀតណាម។ ចេតនារបស់ក្រុមជ្រុលនិយមគឺប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តែប៉ុណ្ណោះ ៕