រដ្ឋមន្ត្រី ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរសោម ខេត្តពោធិ៍សាត់ ដោយមិនព្រាងទុក
ភ្នំពេញ៖ នាសៀលថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីចប់បេសកកម្មនៅខេត្តកោះកុង និងបន្តដំណើរទៅឆ្ពោះទៅខេត្តប៉ៃលិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ នៅមណ្ឌលសុខភាពអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមិនព្រាងទុក។
ក្នុងឱកាសចុះពិនិត្យដោយមិនបានជូនដំណឹងទុកជាមុននេះ ឯកឧត្តមសាស្រ្តាចារ្យ និងជំនួយការម្នាក់បានធ្វើខ្លួនជាអ្នកជំងឺ និងក្រុមគ្រួសារជូនអ្នកជំងឺ។ ការចុះពិនិត្យក្នុងស្ថានភាពនេះ គឺដើម្បីពិនិត្យដោយផ្ទាល់ និងបែបជាក់ស្តែងមួយទិដ្ឋភាពផ្សេងទៀត ដើម្បីទទួលបានពត៌មាន ពីការបម្រើសេវាសុខាភិបាលរួមមាន ការប្រចាំការ អនាម័យ ការបដិសណ្ឋារកិច្ច ក្រមសីលធម៌ និងការផ្តល់សេវាជូនប្រជាជនគ្រប់ពេលវេលា ស្របទៅនឹងយុទ្ធសាស្រ្តគន្លឹះរបស់ក្រសួងសុខាភិបាល ក្នុងការដាក់ចេញការបម្រើសេវា ២៤ម៉ោង លើស២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍។
ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពអូរសោម ដោយឃើញមានការយកចិត្តទុកដាក់លើការពិគ្រោះ និងពិនិត្យអ្នកជំងឺ ទីកន្លែងសមរម្យ ប្រកបដោយអនាម័យ និងការទទួលអ្នកជំងឺដោយមិនមានការរើសអើង និងផ្តល់ឱសថបានត្រឹមត្រូវ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសេីរដល់មន្ត្រីសុខាភិបាល ចេះសាមគ្គីគ្នា ក្នុងការបម្រើការងារដោយឆន្ទះ ការត្រៀមលក្ខណៈទទួលអ្នកជំងឺគ្រប់ពេលជានិច្ច ក្នុងស្មារតីទទួលខុសត្រូវ ៕