រដ្ឋបាលជលផល រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លែងកូនត្រីចូលក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោក ភួង ទីណា នាយរង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយនាយរង និងមន្ត្រី អធិការ ដ្ឋាន រដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានប្រារព្ធពិធីលែងកូនត្រី ចូលក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយពិនិត្យឃើញប្រជាពលរដ្ឋក្នុងភូមិឃុំ រួមគ្នាការពារធនធាន ជលផលបានល្អ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកកូនត្រីចម្រុះទៅលែងចូលក្នុងបឹងនោះបន្ថែម ដើម្បីឱ្យត្រីកាន់តែសម្បូរសម្រាប់ប្រជាពលរដ្ឋចាប់ត្រីបាន ពេលប្រារព្ធ ពិធីចាប់ត្រីសាមគ្គីនៅឆ្នាំក្រោយៗទៀត។
នាឱកាសនេះ អង្គពិធីបាន ធ្វើការ ប្រលែង កូនត្រីចម្រុះចំនួនសរុប ៥០ ០០០ក្បាល ដែលក្នុង នោះ រួមមាន៖ កូនត្រីរ៉ស់ ចំនួន១៥០០០ កូនត្រីអណ្តែង ចំនួន២០០០០ និងកូនត្រីក្រាញ់ ចំនួន១៥០០០។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងនៃខែកុម្ភ: ប្រជាពលរដ្ឋ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងតែប្រារព្ធ ពិធីចាប់ត្រីសាមគ្គីក្នុងបឹងត្រពាំងក្រមនេះ ដែលជាទំនៀមទម្លាប់ តាំងពីបុរាណកាលមក ដោយប្រើឧបករណ៍នេសាទជាលក្ខណៈ ប្រពៃណី មានដូចជា៖ អង្រុត និងឈ្នាងជាដើម៕