ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្តែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងអជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មជាគំរូវីរភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ-១៩ កន្លងមក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជំរុញអោយរក្សាបាន និងធ្វើអោយបានកាន់តែប្រសើរ ជាប់ជាប្រចាំ នូវអាកប្បកិរិយា-ឥរិយាបទល្អ ស្រលាញ់រាប់អាន-សាមគ្គីភាព ប្រកបដោយវិជ្ជមានភាពខ្ពស់ នៃការគិត ទាំងក្នុងពេលបំពេញការងារ ក៏ដូចជាពេលប្រាស្រ័យទាក់ទងក្នុងសហគមន៍-ក្រុមគ្រួសារ ដែលនេះជាកត្តាឈ្នះ និងជោគជ័យមួយ មិនអាចខ្វះបាន និងជាចំនុចចាប់ផ្តើមចាំបាច់បំផុតសម្រាប់គ្រប់អ្នកដឹកនាំវិស័យសុខាភិបាល។
ក្នុងនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញ និងបន្តបណ្តុះបណ្តាលជានិរន្តន៍ ក្នុងការពិនិត្យល្អិតល្អន់ មុនការផ្តល់រោគវិនិច្ឆ័យជំងឺ និងជជែករួមគ្នាសម្រេចរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយត្រូវតែនាំយកការពន្យល់ច្បាស់លាស់ ជាដំណាក់កាលៗ ជូនដល់អ្នកជំងឺ-ក្រុមគ្រួសារ ជាចាំបាច់។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍សំរាប់ការប្រតិបត្តិប្រចាំថ្ងៃ ដែលឈរលើទិដ្ឋភាពប្រាំយ៉ាងនៃភាពអ្នកដឹកនាំ ដោយរួមបញ្ចូលគ្នា៖
១-“ដឹកនាំ” ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ចេញពី “បេះដូង”
២-“ដឹកនាំ” ត្រូវឈរលើគំនិតប្រាជ្ញា “គិត” ល្អ គិតត្រូវ (គិតបែបគតិបណ្ឌិត) សំដៅបម្រើប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ
៣-“ដឹកនាំ” គឺត្រូវធ្វើដោយ “ដៃ” ខ្លួនឯងផ្ទាល់ បង្ហាញដោយផ្ទាល់ ដឹកដៃអោយធ្វើ បង្ហាញជាគំរូ
៤-“ដឹកនាំ” សំដៅលើកិច្ចការដែលត្រូវធ្វើ គឺធ្វើអោយបានល្អបំផុត រហូតធ្វើបានបានទៅជា”ទម្លាប់” និងបង្កើតជាប្រពៃណីល្អយូរអង្វែង
៥-“ដឹកនាំ” ត្រូវផ្តើមពីខ្លួនម្នាក់ៗជាមួយ ការគិតគូអំពីការថែរក្សា “សុខភាព”។
ក្នុងពិធីជួបសំណេះសំណាល មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូជារដ្ឋលេខាធិការ អគ្គនាយក ក្រុមការងារជំនាញនៃក្រសួងសុខាភិបាល និង ការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកជំទាវបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព ៕