សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលចុះផ្ទាល់ជាមួយពលរដ្ឋច្រើនបំផុត ហើយកម្រមានមេដឹកនាំពិភពលោកណាធ្វើបែបនេះ
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្រ្តីដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនជាងគេបំផុត ហើយកម្រមានមេដឹកនាំពិភពលោកណាម្នាក់ ចុះផ្ទាល់ច្រើនបែបនេះណាស់។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ែន បូណា បានមានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំ ដែលសម្តេចធិបតីបានកាន់ដំណែងជានាយករដ្ឋមន្រ្តី សម្តេចបានធ្វើសកម្មភាពជាច្រើន ហើយសកម្មភាពសំខាន់ៗនោះ គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដែលគិតត្រឹមក្នុងរយៈពេល១ឆ្នាំមកនេះ មានចំនួន១៥២លើក ដែលស្ទើរតែស្មើនឹង៥០% នៃសកម្មភាពពេញមួយឆ្នាំនេះ។ ក្រៅពីនេះ សម្តេចធិបតីបានជួយជាមួយភ្ញៀវបរទេស១២៩លើក ប្រជុំគណៈរដ្ឋមន្រ្តី៩លើក និងសកម្មភាពការងារជាច្រើនទៀត ដែលសម្តេចធិបតីបានដោះស្រាយ។
ឯកឧត្ដមគូសបញ្ជាក់ថា «ដូច្នេះតាមរយៈទិន្នន័យនេះយើងអាចសន្និដ្ឋានច្បាស់ណាស់ថា នាយករដ្ឋមន្រ្តីកម្ពុជា ជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រណាស់ ដែលមានមេដឹកនាំណាមួយពិភពលោក ធ្វើបែបនេះ»។
ឯកឧត្ដមបានឱ្យដឹងថា ការចុះជួបផ្ទាល់នេះ មិនមែនធ្វើឡើងដោយប្រជាភិថុដូចការលើកឡើងមួយចំនួននោះទេ គឺដើម្បីដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជួបប្រទះ ក៏ដូចជាទៅសម្ពោធសមិទ្ធផលនានាសម្រាប់ប្រជាពលប្រើប្រាស់។ ឯកឧត្ដមថា ការចុះជួបផ្ទាល់ សួរសុខទុក្ខ ដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋ គឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតប្រពៃណីនេះឡើង ហើយគ្រប់ថ្នាក់ដឹកនាំទាំងអស់បានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ ៕